រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង ពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤
(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោក Colin Poole នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូអភិវឌ្ឍន៍ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។
នៅក្នុងជំនួបសម្តែងការគួរសមនេះ បានពិភាក្សាលើ ចំនុចសំខាន់ៗ ចំនួន៤ ដែលរួមមាន ទី១. អង្ករ អាយប៉ីស(IBIS rice) ទី២. ការអភិវឌ្ឍសហគមន៍ ទី៣. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង ទី៤. ការគ្រប់គ្រងធនធានធម្មជាតិ។
លោក Colin Poole បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំមកនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗចំនួន ៤រួមមាន ការអនុវត្តសកម្មភាពអភិរក្សជីវចម្រុះ ក្នុងតំបន់ការពារធម្មជាតិសំខាន់ៗ បង្កើនការអប់រំផ្សព្វផ្សាយលើការងារអភិរក្ស ធានានិរន្តភាពហិរញ្ញប្បទានសម្រាប់ការអភិរក្សសំខាន់ៗ តាមរយៈការលើកទឹកចិត្ត និងជម្រើសស្ថេរភាពហិរញ្ញប្បទានផ្សេងទៀត ។
ថ្លែងគាំទ្រ និងជំរុញលើកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការអនុវត្តអេកូទេសចរណ៍គឺជាទិសដៅចម្បង ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ហើយជាពិសេសនឹងប្រែក្លាយតំបន់អេកូទេសចរណ៍ឱ្យទៅជារបៀងអេកូទេសចរណ៍ធម្មជាតិ ដែលអាចផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀត ដើម្បីភាពទាក់ទាញពីភ្ញៀវទេសចរណ៍ ហើយការអនុវត្តនេះ នឹងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ពីព្រោះប្រជាពលរដ្ឋនឹងមិនចូលព្រៃកាប់ឈើទៀតនោះទេ ប្រសិនជាពួកគាត់រកចំណូលបានមកពីការនាំភ្ញៀវទេសចរណ៍កម្សាន្ត ក្នុងតំបន់អេកូទេសចរណ៍។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាននិងកំពុងជំរុញយុទ្ធនាការកាត់បន្ថយប្លាស្ទិក នៅតាមសាលារៀនទូទាំងប្រទេស ដែលប្រជាពលរដ្ឋគ្រាន់តែឈប់ប្រើប្រាស់ថង់ប្លាស្ទិកតែ ១ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ ។
ជាមួយគ្នានេះដែរ លោក Colin Poole ចាប់អារម្មណ៍ ហើយនឹងគិតគូរ ដើម្បីគាំទ្រលើសកម្មភាពកាត់បន្ថយប្លាស្ទិកនេះ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាបន្តទៀត ដើម្បីសម្រេចបាននូវទិសដៅរួមរបស់ក្រសួងបរិស្ថានក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ