សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធាន សមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។

នៅក្នុងជំនួបនេះ សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការវាង កម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាស សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី បានជម្រាបជូនថា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗសម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព ។ ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះដែរ ឯកឧត្តម តាកាហាស៊ី បានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗពីរ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យា ទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវា បដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុល រថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះ ក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណង ទាំងនេះ ។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner