សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ចូលជួបជូនសារតាំង និងសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Gaman Oleksandr ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម Gaman Oleksandr បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំង និងសម្តែងការគួរសមពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកប ដោយក្តីនឹករលឹកពីឯកឧត្តមប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូនចំពោះថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្ដមបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ុយក្រែនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីនឹករលឹកអំពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ ថ្នាក់នៃប្រទេសអ៊ុយក្រែន។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា