អគ្គិភ័យឆាបឆេះអាផាតមិននៅទីក្រុងហាណូយ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់
ហាណូយ៖ អគ្គិភ័យនេះបានកើតឡើងតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ៣២នាក់បានស្លាប់ក្នុងអគ្គិភ័យឆាបឆេះបារខារ៉ាអូខេមួយកន្លែងក្នុងទីក្រុងហូជីមិញ។ នៅវៀតណាមគ្រោះអគ្គិភ័យបានកើតឡើងជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការឆេះបារខារ៉ាអូខេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមនៅថ្ងៃទី១៣ ខែកញ្ញានេះ បាន រាយការណ៍ថា មនុស្សជាច្រើននាក់បានស្លាប់ បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ធំសម្បើមមួយបានឆាបឆេះប្លុកអាផាតមិនមួយកន្លែងក្នុងទីក្រុងហាណូយ។
គ្រោះអគ្គិភ័យនេះបានកើតឡើង នៅមុនពាក់កណ្ដាលយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ នៅឯជាន់ចំណតនៃអគារអាផាតមិនមួយកន្លែង មានកម្ពស់ ១០ជាន់ខ្ពស់។ ក្រុមអ្នកពន្លត់អគ្គិសនីបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅថ្ងៃព្រឹកថ្ងៃពុធនេះ ខណៈដែលប្រតិបត្តិការស្វែងរកអ្នកមានជីវិត នៅតែបន្តធ្វើឡើង។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា អាជ្ញាធរបានសង្រ្គោះមនុស្ស ៧០នាក់ ហើយមនុស្ស ៥៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងចំណោមអ្នកទាំងនេះ មានជាច្រើននាក់បានស្លាប់។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតួលេខផ្លូវការ និងមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យនេះនៅឡើយទេ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា