រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះដែរ។ ការបញ្ជាក់នេះ ក្នុងកម្មវិធីបាឋកថាស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ពាក់ព័ន្ធជាមួយនឹងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានបានរៀបចំកម្មវិធីបាឋកថាស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ពាក់ព័ន្ធជាមួយនឹងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដើម្បីរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈនៅក្នុងវិស័យព័ត៌មានស្របនឹងកាលៈទេសៈដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីបឋកថានាពេលនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានក្នុងការធ្វើទំនើបកម្មស្ថាប័នដោយផ្តោតសំខាន់លើការកសាងសមត្ថភាព និងធនធានមនុស្ស។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់តាមភាសាអង់គ្លេសថា «RCEP» មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលសាធារណជនទូទៅ ជាពិសេសពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្ត្រក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។ ហេតុនេះ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការនាំយកនូវដំណឹងទាំងអស់នេះដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។ ទស្សនាទាននៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តទៀតថា សក្តានុពលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀង RCEP នៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ ពិតជាមានសារៈសំខាន់ជាសារវន្តសម្រាប់កម្ពុជា តាមរយៈការពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងឌីជីថលូបនីយកម្ម និងការផលិតដែលមានលក្ខណៈវៃឆ្លាតនានា ដោយជំរុញនិងពង្រឹងសក្តានុពលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាក្នុងស្រុកឱ្យក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ សម្រាប់គោលដៅរួមក្នុងការនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើតាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមហិមាមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនូវពហុភាគីនិយម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរីនិងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដូច្នេះ ការយល់ច្បាស់គោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និងបង្កើននូវភាពប្រកួតប្រជែងរបស់ខ្លួន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿយ៉ាងមុតមាំទៅលើអ្នកសារព័ត៌មានរបស់ទាំងអស់ ក្នុងការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចព្រមព្រៀង RCEP នេះ ទៅដល់សាធារណជន ជាពិសេស វិនិយោគិន និងធុរជនបរទេសដែលមានបំណងចង់ធ្វើធុរកិច្ចនៅកម្ពុជាដើម្បីឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម នេត្រ ភក្ត្រា