មនុស្សជាង១០នាក់ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះល្វែងនៅក្រុងហាណូយ
ហាណូយ៖ កាសែតអនឡាញវៀតណាម VnExpress បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា មនុស្សយ៉ាងណាស់ ១១ នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងហាណូយ កាលពីមុនរំលងអធ្រាត្រយប់ថ្ងៃអង្គារ។
អគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះនៅម៉ោងប្រហែល ១១ យប់ នៅផ្ទះល្វែងមួយកម្ពស់ ១០ ជាន់ នៅផ្លូវ Khuong Ha ក្នុងសង្កាត់ Thanh Xuan ខណៈពេលដែលមនុស្សរស់នៅក្នុងផ្ទះល្វែងនោះខ្លះចូលគេង និងខ្លះទៀតរៀបនឹងគេងទៅហើយ។ បើតាមការរាយការណ៍របស់ VnExpress មនុស្សប្រហែល ១៥០ នាក់ រស់នៅក្នុងផ្ទះល្វែងសម្រាប់ជួល ដែលមានទំហំជាង ២០០ ការ៉េនោះ។
គិតត្រឹមព្រឹកថ្ងៃពុធ មនុស្ស ៧០ នាក់ត្រូវបានជួយសង្គ្រោះ ដោយក្នុងនោះមាន ៥៤ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នាក្នុងទីក្រុងហាណូយ។ មន្ទីរពេទ្យទាំងនោះ បានរាយការណ៍ថា មានមនុស្ស ១១ នាក់ បានស្លាប់ ដោយអ្នកខ្លះស្លាប់ដោយសារតែឈ្លក់ផ្សែងភ្លើងធ្ងន់ធ្ងរ។
មន្ត្រីប៉ូលិសពន្លត់អគ្គិភ័យម្នាក់ បាននិយាយថា គេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់នៅក្នុងអគារផ្ទះល្វែង ពេលភ្លើងកំពុងឆាបឆេះនោះទេ ប៉ុន្តែថាក្រុមអគ្គិភ័យបានពន្លត់ភ្លើងជាស្ថាពរ ហើយកងកម្លាំងសង្រ្គោះកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀត។
បើតាម VnExpress ដដែល អគារដែលរងការឆាបឆេះ ស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីផ្លូវធំ ហើយអាចចូលទៅបានតាមតែផ្លូវកាច់កុងតូចៗប៉ុណ្ណោះ។ ផ្ទះ១០ជាន់នេះ ជាអាគារឈរថ្នាក់ៗ ដែលមានជាន់ទី១ជាចំណតយានយន្ត ហើយ៩ជាន់ទៀតជាកន្លែងប្រជាជនរស់នៅ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ផ្ទះនេះមិនមានជណ្ដើរជម្លៀសពេលមានអាសន្ននោះទេពោលគឺមានតែជណ្ដើរឡើងចុះក្នុងផ្ទះប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកនៅខាងក្នុងពិបាករត់គេចពេលភ្លើងឆាបឆេះ។
សាក្សីជាច្រើននាក់ បាននិយាយថា អគ្គិភ័យចាប់ផ្តើមឆាបឆេះចេញពីចំណតម៉ូតូនៅជាន់ទី១ទៅ ហើយមនុស្សជាច្រើនបានរត់ទៅជាន់ខាងលើ ខណៈខ្លះទៀតបានលោតចុះក្រោម ឬផ្លោះទៅផ្ទះក្បែរនោះ។ សាក្សីបន្តថា ភ្លើងឆាបឆេះខ្លាំង ដែលអាចឱ្យគេឃើញទាំងផ្សែងហ៊ុយទ្រលោមទៅលើមេឃ។
ប៉ូលិសពន្លត់អគ្គិភ័យដែលប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បានចូលទៅជិតផ្ទះល្វែងរងគ្រោះពីអាគារក្បែរខាង ដោយឡើងពីខាងក្រៅទៅដើម្បីជួយសង្គ្រោះជនរងគ្រោះនៅជាន់លើៗ។
គិតមកទល់ព្រឹកថ្ងៃពុធ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលធ្វើឱ្យមានការឆាបឆេះនោះទេ ខណៈប៉ូលិសវៀតណាមកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានជួបប្រទះអគ្គិភ័យឆាបឆេះដ៏គួរឱ្យតក់ស្លុកខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាញឹកញាប់ វាបានកើតឡើងនៅកន្លែងកម្សាន្តដូចជាហាងខារ៉ាអូខេជាដើម។
កាលពី១ឆ្នាំមុន អគ្គិភ័យនៅក្នុងហាងខារ៉ាអូខេកម្ពស់បីជាន់ ក្នុងទីក្រុងហូជីមិញបានឆាបឆេះ ហើយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់ ខណៈ ១៧ នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសវៀតណាម បានចាប់ខ្លួនម្ចាស់ហាង ដោយចោទប្រកាន់ពីបទបំពានច្បាប់បង្ការអគ្គិភ័យ។
នៅឆ្នាំ ២០១៨ មនុស្សចំនួន ១៣ នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យដូចគ្នាលើផ្ទះល្វែងមួយកន្លែងនៅក្រុងហូជីមិញដដែល ខណៈមនុស្ស ១៣ នាក់ផ្សេងទៀតបានស្លាប់ពេលភ្លើងឆាបឆេះហាងខារ៉ាអូខេក្នុងក្រុងហាណូយកាលពីឆ្នាំ ២០១៦។
ជារឿយៗ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍តែងជួបហេតុការណ៍អគ្គិភ័យជាញឹកញាប់ ដោយសារតែភាពធូររលង់នៃស្តង់ដារសុវត្ថិភាព៕ ប្រែសម្រួល៖ ហួន ឌីណា