ក្រសួងសុខាភិបាល បានសម្រេចបិទបន្ទប់ពិគ្រោះព្យាបាលជំងឺចំនួនពីរទីតាំង នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតបន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ២ទីតាំងនៅរាជធានីភ្នំពេញក្រោមហេតុផល មិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពកិច្ចសន្យាដែលបានធានាអះអាងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។

សេចក្តីសម្រេចស្តីពីការបិទ និងដកហូតលិខិតអនុញ្ញាតនោះរួមមាន បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី ស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀក-ច្រមុះ-បំពង់ក សៀរហឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីសម្រេចចុះថ្ងៃទី១១ខែកញ្ញា បិទបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។

ទាក់ទងនឹងករណីនេះដែរលោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការគ្រោះថ្នាក់យថាហេតុណាមួយដល់អាយុជីវិតប្រជាពលរដ្ឋ។

លោកបានប្រាប់ថា វិធានការនេះក៏ជាការព្រមានដល់រាល់ការបើកមន្ទីរសម្រាកព្យាបាល និងបន្ទប់ពិគ្រោះជំងឺ ឱ្យចូលរួមគោរពតាមច្បាប់ផងដែរ។

ជុំវិញសុខុមាលភាពសាធារណៈនេះដែរឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់ព្រមានកន្លងទៅថា រាល់ការបើកមន្ទីរសម្រាកព្យាបាល បន្ទប់ពិគ្រោះជំងឺ ឬអង្គភាពផ្ដល់សេវាសុខាភិបាលផ្សេងៗ គឺត្រូវតែអនុលោមតាមនីតិវិធីច្បាប់ ប្រកាន់ខ្ជាប់នូវបច្ចេកទេស វិជ្ជាជីវៈ និងកិច្ចសន្យាជាដាច់ខាត។

ឯកឧត្តមបញ្ជាក់ថា ៖ «កិច្ចសហការរបស់អាជ្ញាធរ ជាមួយវិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ដល់ប្រជាពលរដ្ឋ»៕ ដោយ៖ សុខ រក្សា

ads banner