ប្រជាពលរដ្ឋជាង ២០០០ គ្រួសារបានទទួលនូវអ្វីដែលខ្លួនស្នើសុំពីគម្រោងរេដបូក

ភ្នំពេញ៖ តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន បានជួយដល់ជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានខេត្តកោះកុងចំនួនជាង ២០០០ គ្រួសារ ដែលមានដូចជាការជួយឱ្យមានជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទឹកស្អាត ផ្លូវថ្នល់ បង្គន់អនាម័យ និងរហូតដល់ជួយឱ្យបានសិក្សាថ្នាក់សាកលវិទ្យាល័យថែមទៀតផង ។ អត្ថប្រយោជន៍ទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងធាតុចូលរបស់អ្នកភូមិរស់នៅតាមជនបទក្នុងខេត្តកោះកុង។
 
“រេដបូក” សំដៅលើកម្មវិធីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់និងរេចរឹលព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ គម្រោងនេះបង្កើតប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលមួយផ្នែកធំនៃប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ។
 
បើប្រៀបធៀបកាលពីមុន អ្នកភូមិត្រូវដើរចម្ងាយជាង ៥ គីឡូម៉ែត្រដើម្បីទទួលបានទឹកដែលកខ្វក់ ។ តែបច្ចុប្បន្ននេះមានអណ្តូងទឹក ដើរ ដោយ ថាមពល សូឡាចំនួន ៩៤ កន្លែង ដែលបានផ្តល់ទឹកស្អាតប្រើប្រាស់ដោយងាយស្រួលជូនប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ ។ ផ្លូវចំនួន ៥ ខ្សែដែលមានប្រវែង ៥ គីឡូម៉ែត្រនិងវែងជាងនេះ ត្រូវបានសាងសង់ឡើង ដើម្បីឱ្យការធ្វើដំណើរចូលទៅកាន់ទីផ្សារពីភូមិដាច់ស្រយាលមានភាពងាយស្រួលជាងមុន។ ផ្នែកអនាម័យក៏មានភាពប្រសើរជាងមុន តាមរយៈការផ្តល់ជូននូវបង្គន់អនាម័យចំនួន ៧៤ កន្លែងក្នុងទូទាំងខេត្ត ។ ចំណែកផ្នែកអប់រំក៏មានការអភិវឌ្ឍ ដោយសាលាមួយខ្នងត្រូវបានសាងសង់ឡើងសម្រាប់សិស្សបឋមសិក្សា ហើយសិស្សចំនួន ១៦ នាក់ដែលមកពីគ្រួសារក្រីក្រ ឬជាកុមារកំព្រា បានទទួលអាហារូបករណ៍ពេញលេញដើម្បីសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។ ឥឡូវនេះពលរដ្ឋជិត ៥០០គ្រួសារទទួលបានជីវភាពរស់នៅប្រកបដោយនិរន្តរភាពតាមរយៈសហគមន៍ អេកូ ទេសចរណ៍ធម្មជាតិ ដូច្នេះហើយពួកគាត់មិនចាំបាច់ពឹងផ្អែកលើព្រៃឈើដើម្បីរកប្រាក់ចំណូលទៀតនោះទេ។

មុនពេលគម្រោងនេះត្រូវបានអនុវត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការប្រជុំពិគ្រោះយោបល់ និងចុះសិក្សាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីតម្រូវការរបស់អ្នកភូមិ ទទួលសំណូមពរ និងការស្នើសុំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅ ។ បន្ទាប់ពីផែនការត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលពីជនជាតិដើមភាគតិចនិងពីប្រជាសហគមន៍មូលដ្ឋាននិងអាជ្ញាធរមូលដ្ឋាន ការយល់ព្រមឯកភាពពីប្រជាពលរដ្ឋនេះត្រូវបានដាក់ជូនតាមរយៈមេភូមិ មុនពេលគម្រោងចាប់ផ្តើម ។ ប្រអប់សំបុត្របណ្ដឹង-តវ៉ាក៏ត្រូវបានដំឡើងនៅតាមតំបន់និងទីតាំងដែលទីតាំងអព្យាក្រឹតនិងងាយស្រួលទៅដល់ ដូចជាសាលាឃុំ ឬផ្ទះមេភូមិ ដែលជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានអាចយកបណ្តឹង-តវ៉ានិងសំណូមពររបស់ពួកគាត់ទៅទម្លាក់បាន យោង ដំណើរការឆ្លើយតបមតិត្រឡប់ និងដោះស្រាយបណ្ដឹង-តវ៉ាដែលមានស្រាប់។
 
លោក ស៊ី ស៊ីថា មកពីឃុំជីផាត ខេត្តកោះកុងបានមានប្រសាសន៍ថា “អាស្រ័យដោយមានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ហើយឥឡូវនេះយើងទទួលបានទឹកស្អាតហូរចូលដល់ផ្ទះរបស់យើងតែម្ដងដែលបូមចេញពីអណ្តូងទឹក ។ គណៈកម្មការនេះ ត្រូវធានា ថា ទឹក ត្រូវ បាន ប្រើប្រាស់ ដោយសន្សំសំចៃ ដើម្បី ឱ្យ គ្រួសារ ទាំង អស់ អាច ទទួល បាន អត្ថប្រយោជន៍ដូចគ្នា ។ ចាប់ពីពេលនេះទៅ យើង ត្រូវ បន្ត ការពារតំបន់ជួរភ្នំ ក្រវាញ របស់ យើង ដើម្បី រក្សា ប្រភព ទឹក។”
 ទិត្យ សួរ ជានិស្សិតអាហារូបករណ៍ជនជាតិដើមភាគតិចជងពីតំបន់ឆាយអារ៉ែងបានលើកឡើងថា “ការទទួលបានការសិក្សា ជាពិសេសតាមរយៈអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដែលទទួលបានពីគម្រោងរេដបូក បានជួយឱ្យខ្ញុំអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យមានអនាគតល្អនិងវែងឆ្ងាយសម្រាប់ខ្ញុំក៏ដូចជាសម្រាប់គ្រួសាររបស់ខ្ញុំតទៅអនាគត ៕”

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner