កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង ខណៈលោក គីម ត្រៀមជួបជាមួយលោក ពូទីន
ព្យុងយ៉ាង៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណយ៉ាងហោចណាស់មួយគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ខណៈមេដឹកនាំលោក គីម ជុងអ៊ុន ត្រៀមជួបជាមួយប្រធានាធិបតីរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។
អគ្គសេនាធិការមិនទាន់អាចបញ្ចេញព័ត៌មានលម្អិតភ្លាមៗស្ដីពីការបាញ់បង្ហោះនៅថ្ងៃពុធនេះបានទេ ដោយនិយាយថា ខ្លួនត្រូវការពេលវិភាគបន្ថែមទៀត។
ចំណែកឯឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនវិញ បាននិយាយថា កូរ៉េខាងជើងអាចនឹងបានបាញ់មីស៊ីលចំនួន២គ្រាប់ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។ប្រមុខខុទ្ទកាល័យជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាតស៊ូណូ(Hirokazu Matsuno)បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនបានដាក់ការតវ៉ាប្រឆាំងនឹងកូរ៉េខាងជើង តាមរយៈបណ្តាញការទូតប្រចាំទីក្រុងប៉េកាំង។
ការបាញ់បង្ហោះចុងក្រោយនេះ ធ្វើឡើងខណៈលោក គីម ស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាគ្នាជាមួយលោក ពូទីន ដោយផ្ទាល់។ មានការព្រមាន ជាពិសេសពីសហរដ្ឋអាមេរិកថា មេដឹកនាំទាំង២អាចនឹងពិភាក្សាគ្នាអំពីការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីដើម្បីយកទៅប្រើនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
អ្នកវិភាគផ្នែកសន្តិសុខនៅសហរដ្ឋអាមេរិក លោក Ankit Panda បានសរសេរនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) ថា វាគឺជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលការបាញ់បង្ហោះត្រូវបានធ្វើឡើង ដោយគ្មានវត្តមានរបស់លោក គីម នៅក្នុងប្រទេស ប៉ុន្តែមិនបានគូសបញ្ជាក់ថា វាជាសញ្ញាយ៉ាងណានោះទេ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលជាច្រើនលើកច្រើនសារក្នុងឆ្នាំនេះ ដោយបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ចេញក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីដើមឆ្នាំ ២០២២ មក កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីលច្រើនជាង ១០០ លើកទៅហើយ៕ ប្រែសម្រួល៖ ហួន ឌីណា