អង់គ្លេស បារាំង និងអាល្លឺម៉ង់ឯកភាពរក្សាទណ្ឌកម្មប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

ឡុងដ៍៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅថ្ងៃទី១៤ ខែកញ្ញានេះ បានបញ្ជាក់ថា ប្រទេសទាំងបីបានព្រមព្រៀងចំពោះយុទ្ធសាស្រ្តរក្សាទណ្ឌកម្មប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លើសពីកាលបរិច្ឆេទខែតុលា ដែលត្រូវបានកំណត់ពីមុន។

ស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួមឆ្នាំ ២០១៥ ដែលហៅកាត់ថា (JCPoA) ដែលសហរដ្ឋអាមេរិកបានលុបចោលជាឯកតោភាគីក្នុងឆ្នាំ ២០១៨ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទណ្ឌកម្មមួយចំនួននឹងត្រូវផុតសុពលភាពនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ។

ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់បានកត់សម្គាល់ពីការមិនអនុលោមតាមច្បាប់របស់ប្រទេសអ៊ីរ៉ង់ ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបី ក្នុងការធានាថា ទីក្រុងតេហេរ៉ង់នឹងមិនអាចឈានដល់ការផលិតអាវុធនុយក្លេអ៊ែរបានឡើយ។

ទោះបីជាយ៉ាងណា ក្រសួងការបរទេសរបស់ប្រទេសទាំងបី ក្នុងពេលជាមួយគ្នាបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការស្វែងរកដំណោះស្រាយការទូត និងថា ការសម្រេចចិត្តនេះនឹងត្រូវផ្លាស់ប្តូរ ប្រសិនបើអ៊ីរ៉ង់ប្តេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀង JCPoA បានទាំងស្រុង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner