រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផល កសិកម្ម ផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅបានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិម៉ាឡៃ ដើម្បីសិក្សាស្ថានភាពជាក់ស្តែងនៃការនាំចេញនាំចូលទំនិញកម្ពុជា-ថៃ ហើយស្ទើរ៨០% ជាផលិតផលកសិកម្ម ដូចជា៖ដំឡូង ពោត និងមៀនជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនកិច្ចកសិដ្ឋានសិរិ ដែលជាកន្លែងផលិតនិងកែច្នៃមៀនខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការជាក់ស្តែង។ ឯកឧត្តម បានណែនាំជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែម ហើយការផលិតត្រូវគិតគូរលើរសជាតិ គុណភាពនិងសុវត្ថិភាព និងទំនុកចិត្ត ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។
តមកក្នុងថ្ងៃដដែល ឯកឧត្តម ឌិត ទីណា បានបន្តបេសកកម្មចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាយ សុផាន ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យព្រំដែនអន្តរជាតិព្រំ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការនាំចេញនាំចូលផលិតផលកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះទស្សនកិច្ចមជ្ឈមណ្ឌលផលិតកកម្ម និងកែច្នៃគ្រាប់ពូជស្រូវអាងពោធិ៍ ដើម្បីពិនិត្យឧបករណ៍ ឡសំងួត និងដំណើរការនៃការកែច្នៃផលិតគ្រាប់ពូជស្រូវសុទ្ធ និងមានគុណភាពសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាកសិករ ៕
ប្រភព៖ក្រសួងកសិកម្ម