ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជា
ភ្នំពេញ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣បានអនុញ្ញាត ឱ្យឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ( JUSTIN KEVIN WHYATT) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាជួប ពិភាក្សាការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រភពបានបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការ ដ៏ល្អ រវាងកម្ពុជា និងប្រទេសអូស្ត្រាលីនាពេលកន្លងមក ហើយភាគីទាំងពីរត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ នេះបន្ថែមទៀត ទាំងក្នុងទាំងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការអភិវឌ្ឍន៍នានា ដើម្បីផលប្រយោជន៍នៃ ប្រទេស ទាំងពីរ។
ឯកឧត្តមបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប អំពីឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការកែទម្រង់ ស៊ីជម្រៅ ដោយឈរលើទស្សនវិជ្ជា «យកប្រជាជនជាធំ» និងដើម្បីជំរុញកំណើន សេដ្ឋកិច្ច, បង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, បង្កើន ប្រសិទ្ធភាព នៃអភិបាលកិច្ច និងលើកកម្ពស់សមត្ថភាពស្ថាប័ន និងធានាឱ្យបាន នូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះ ទៅសម្រេច មហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានជម្រាបផងដែរ អំពី ក្របខ័ណ្ឌ គោលនយោបាយចម្បងនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់ កាលទី១ គឺ៖ ទី១. ថែរក្សាឱ្យបាននូវចលនការនៃសុខសន្តិភាព និង ការអភិវឌ្ឍ និង ទី២. កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ជំរុញ សន្ទុះនៃការ អភិវឌ្ឍប្រទេសជាតិ សម្រាប់រយៈពេល ២៥ ឆ្នាំខាងមុខ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យចំនួនប្រាំ ដែល រួមមាន៖ ភាពធន់នៃ វិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់ នៃវិស័យហិរញ្ញវត្ថុ, ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និង ភាពធន់នៃ វិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាស ធាតុ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់បំផុតដល់ការកែទម្រង់ និងការ ពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល សាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, ឆ្លាតវៃ និង ស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែង កិច្ចការប្រទេសជាតិ, ការកសាងជាតិ, ការពង្រឹងនីតិរដ្ឋ ដោយយកចិត្ត ទុក ដាក់ដល់ផលប្រយោជន៍ប្រជាជន សំដៅគាំទ្រដល់ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ក្នុងស្មារតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំផ្ទាល់លើការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ រដ្ឋបាល សាធារណៈ ដោយបានចាប់ផ្តើមធ្វើការកែទម្រង់ការប្រលងចូល ក្របខ័ណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់» និងពង្រឹងការ អនុវត្តគោលការណ៍គុណាធិបតេយ្យក្នុងមុខងារសាធារណៈ។ ទន្ទឹមនេះ សម្តេចធិបតី ក៏ដឹកនាំដោយផ្ទាល់លើអាទិភាពគន្លឹះចំនួនពីរទៀត ក្នុង វិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍ មូលធនមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងកសាងជាតិក្នុងរយៈពេលវែង និង ការ ធ្វើទំនើបកម្មសេដ្ឋកិច្ច។
ឯកឧត្តម វង្សី វិស្សុត ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ផងដែរ អំពីអាទិភាពការងារ សំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុង នាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកប ដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តោតលើអាទិភាព ការងារ សំខាន់ៗ ដូចជា (១).ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី (២).ការត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ឱ្យមានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងសម្រាប់បម្រើឱ្យគោលដៅដោះស្រាយបញ្ហា មិនមែនដើម្បីបង្កើតបញ្ហា និងប៉ះពាល់ដល់ផលិតភាព និងភាពប្រកួត ប្រជែងរបស់ប្រទេសជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន និង (៣).ការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ ព្រមទាំងកិច្ចការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃដោយផ្អែកភស្តុតាង លើការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវគាំទ្រដល់ការដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា។លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ (Southeast Asia Economic Strategy to 2040) របស់អូស្រ្តាលី ដែលក្នុងនោះមានវិធានការចំនួន ៧៥ និងមានអនុសាសន៍ជាក់លាក់សម្រាប់ប្រទេសនីមួយៗ រួមទាំ ង ប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ប៉ុន្តែបានកត់ សម្គាល់អំពីភាពមានកម្រិតនៅឡើយនៃការវិនិយោគ និងធុរកិច្ចអូស្ត្រាលីនៅកម្ពុជា ។ ដូចនេះ ភាគីទាំងពីរត្រូវង្កើនកិច្ច សហប្រតិបត្តិ ការ បន្ថែមទៀត ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងក្នុងការទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត៕
ដោយ៖វណ្ណលុក