ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀត រត់តាំងពីខណ្ឌពោធិ៍សែនជ័យ មកចាប់បាននៅខណ្ឌមានជ័យ
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីសRX300 ទៅបុករថយន្តមួយគ្រឿងទៀតពីរលើក មិនឈប់ដោះស្រាយម្ចាស់រថយន្តរងគ្រោះដេញចាប់បានមកវិញប្រគល់ជូនសមត្ថកិច្ច កាលពីម៉ោង១០យប់ ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់មានគ្នាពីរនាក់បើករថយន្តមួយគ្រឿងម៉ាកsoion ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-8393 ចេញពីខួបកំណើតគេមួយកន្លែង ដោយធ្វើដំណើរទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-0917 បើកបរដោយបុរសម្នាក់រួមដំណើរជាមួប្រពន្ធ និងកូនជាលក្ខណះគ្រួសារ ដោយស្រវឹងស្រាជោគបានធ្វើដំណើរមកពីក្រោយបានជ្រុល ទៅបុកចំកញ្ចក់មើលក្រោយខាងមុខផ្នែកខាងស្តាំបណ្តាលឲ្យបាក់ រួចរថយន្តបង្កមិនបានឈប់សដោះស្រាយនោះទេ បានព្យាយាមបើករត់រហូត។
ភ្លាមៗនោះរូបគាត់បានបើករថយន្ត ដេញតាមពីក្រោយរ ហូតមកពាក់កណ្តាលផ្លូវត្រូវបានរថយន្តបង្ក មកបុកមួយលើកទៀតចំទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យកំពិត រួចក៏បានបើករត់បន្តទៀត។ រូបគាត់បើកដេញរហូតមកដល់ចំណុចវត្តសាមគ្គីរង្សី តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបចាប់រថយន្តបង្កនោះបានរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានចាត់ការតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងមានជ័យ៣ បានប្រគល់រថយន្តទាំងពីរគ្រឿងឲ្យទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ