នារីម្នាក់បើករថយន្តបុករះម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ស្រាលពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នារីម្នាក់បើករថយន្ត Mazda ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម មួយគ្រឿង បោកផ្ទប់កង់បីឥណ្ឌា បណ្ដាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ និងស្រាល ហើយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃអាទិត្យ ទី២៨  ខែកក្កដា ឆ្នាំ២០១៩ នៅមុខក្រុមហ៊ុនលក់ រថយន្ត Mercedez  ផ្លូវ៦០ម៉ែត្រ  កែងផ្លូវ៣០ម៉ែត្រ  ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា គេបានឃើញយុវជនម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ (បាក់ស្លាកលេខបាត់រកមិនឃើញ) ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុបានបន្ថយល្បឿន និងមានកង់បីឥណ្ឌាមួយគ្រឿង  បម្រុងបើកឆ្លងផ្លូវពីកើតទៅលិចដែរ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Mazda CX-5 ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  2AD-7243 បើកបរដោយ នារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ធ្លាក់ម្ចាស់ម៉ូតូ អូសបោកនឹងថ្នល់ រងរបួសធ្ងន់ ចំណែកឯម៉ូតូខ្ទាតបោកផ្ទប់នឹងកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HU-7016 បណ្ដាលឲ្យ រងការខូចខាតទាំងពីរគ្រឿង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទប់ជាប់បង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយដើម បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានឃាត់ខ្លួននារីវ័យក្មេងខាងលើយកទៅសាកសួរនៅប៉ុស្ដិ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះវាស់វែង និងស្ទូចយករថយន្តបង្ក ម៉ូតូ និងកង់បីឥណ្ឌា ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner