ជិះម៉ូតូបញ្ចា្រស់ផ្លូវទៅបុកម៉ូតូមួយគ្រឿង ស្លាប់ម្នាក់ និងរបួសធ្ងន់ពីរ
ភ្នំពេញ៖ យុវជន២នាក់ បានជិះម៉ូតូបញ្ច្រាស់ផ្លូវទៅបុកបុរសម្នាក់យ៉ាងពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់គួរឲ្យអាណោចអធម កាលពីម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ខាងលិចចុងស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សពជនរងគ្រោះមានឈ្មោះ អាន លឹមអេន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបបើករថយន្តឲ្យព្រះសង្ឃនៅវត្តនាគវន្ត័ ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូឌ្រីម០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1N -9228 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ដោយពួកគេជិះបញ្ច្រាស់ផ្លូវចរាចរណ៍ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូឌ្រីម០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FP-4369 ជិះដោយបុរសម្នាក់ពីលិចទៅកើត ចំមុខគ្នាពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង ចំណែកភាគីខាងម៉ូតូ០៥ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកសង្គ្រោះជីវិតភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពរងគ្រោះក្រោយពីធ្វើកំណត់រួច សមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារផងដែរ៕ធ.ដ