រថយន្តធន់ធំហុីយិនដាយ បត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យរថយន្តឡិចសុីសបុកគូទក្រោយពេញទំហឹង ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិៈរថយន្តឡិចសុីស RX400hទៅបុករថយន្តហុីយិនដាយ ចំចហៀងគូទក្រោយពេញទំហឹង កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកាបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត សំអុល ភេទប្រុស អាយុជាង៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងទ័ព វិស្វកម្មនៅជិតរង្វង់មូលចោមចៅ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកាបូល ។ រីឯអ្នកបើករថយន្ត រងរបួសស្រាល មានឈ្មោះ ឆាយ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយអ្នកស្លាប់ខាងលើ និងម្នាក់ទៀតដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

ពួកគាត់ទាំង0៣នាក់ ធ្វើដំណើរដោយរថយន្តមួយគ្រឿងម៉ាក ឡិចសុីសRX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AS-5066 ។ ដោយឡែករថយន្តហុីយិនដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ3B.5183 អ្នកបើកបរបានបើកទ្វារចុះរត់បាត់។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តហុីយិនដាយ មួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ខណៈមក
ដល់បំបែកជា៣ បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃចូលទៅផ្លូវ៣០ម៉ែត្រមិនប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តឡិចសុីស RX400hមួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសគ្នាយ៉ាងលឿន ក៏បុកគូទចំហៀងខាងស្តាំផ្នែកខាងក្រោយពេញទំហឹង ធ្វើឲ្យកំពិតគៀបអ្នកជិៈជិតតៃកុងស្លាប់នៅនឹងកន្លែង ចំណែកតៃកុងរងរបួសស្រាល និងអ្នកអង្គុយក្រោយរងរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយដឹកទៅសង្រ្គោះផងដែល។

ក្នុងករណីនេះ រថយន្តឡិចសុីសខូចខាតស្ទើតែទាំងស្រុងរីឯរថយន្តហុីយិនដាយខូចខាតតិចតួច ។ ក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្តហុីយិនដាយបានចុះគេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៏ទាក់ទងទៅជំនាញចរាចរណ៍មកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរជធានីភ្នំពេញ រងចាំម្ចាស់រថយន្តទាំងពីរចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner