កម្ពុជា នឹងប្រារព្វ «ទិវាពិភពលោកស្អាតលើកទី៦» ដើម្បីបញ្ជ្រាបការយល់ដឹងពីអនាម័យនិងសម្អាតបរិស្ថាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ដើម្បីបន្តចូលរួមចំណែកជាមួយពិភពលោកក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានជុំវិញខ្លួនយើង កម្ពុជា នឹងប្រារព្វ «ទិវាពិភពលោកស្អាតលើកទី៦- The 6 World Cleanup Day ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។

សេចក្តីជូនដំណឹងស្តីពីការរៀបចំទិវានេះដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងចុះថ្ងៃទី ១៣ខែកញ្ញា បានឱ្យដឹងថា ទិវានេះនឹងរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អង្គការ Let’s do it World និងអង្គការ River Ocean Cleanup។

សេចក្តីជូនដំណឹងបានឱ្យដឹងថា ទិវាពិភពលោកស្អាតលើកទី៦ នឹងប្រព្រឹត្តិឡើងនៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ដោយមានការប្ដេជ្ញាចិត្តចូលរួមពី ១៩១ប្រទេសលើពិភពលោក គ្រោងរៀបចំយុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅក្នុងប្រទេសរៀងៗខ្លួន។

ប្រភពដដែលបញ្ជាក់ថា៖‍«ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោកចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះក្នុងការរៀបចំទិវាពិភពលោកស្អាតនេះ។ដូចនេះដើម្បីឱ្យការរៀបចំនិងផ្សព្វផ្សាយ«ទិវាពិភពលោកស្អាត» បានទូលំទូលាយឯកឧត្តម សុខ សូកេន អំពាវនាវដល់រដ្ឋបាលរាជធានី- ខេត្តទាំងអស់ សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល វត្តអារាម សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមរៀបចំយុទ្ធនាការសម្អាតនៅតាមលំនៅដ្ឋាន ទីប្រជុំជន វត្តអារាម សហគមន៍ តាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី- ខេត្ត របស់ខ្លួនឱ្យបានផុលផុស។

ពាក់ព័ន្ធព្រឹត្តិការណ៍នេះ នាយកប្រតិបត្តិអង្គការសម្អាតទន្លេ សមុទ្រ លោក នូ សុវណ្ណ បានឱ្យដឹងនៅថ្ងៃទី១៥ខែកញ្ញានេះថា អង្គការរបស់លោកនឹងប្រារព្វជាផ្លូវការនៅរាជធានីភ្នំពេញ នៅក្បែរសណ្ឋាគារសុខាជ្រោយចង្វារដែលកម្មវិធីនេះបានប្រារព្វលើកទី៦ហើយនៅប្រទេសកម្ពុជា។

លោកបន្តថា៖«ប្រធានបទឆ្នាំនេះគឺយើងផ្តោតទៅលើរួមគ្នាដើម្បីទន្លេគ្មានសំរាម ដែលកម្មវិធីថ្ងៃនោះនឹងមានសកម្មភាពសប្បាយជាច្រើន រាំកម្សាន្ត ឆៃយ៉ាំ ប្រមូលសំរាមពីច្រាំងទន្លេ ពីក្នុងទឹក និងដាំដើមឈើនៅក្នុងសាលារៀនផងដែរ»។

បន្ថែមពីនេះក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីណែនាំដល់គណៈអភិបាលរាជធានី ខេត្ត ឱ្យរៀបចំទិវានេះឱ្យបានផុសផល និងត្រូវសិក្សាកំណត់ចំនួនគោលដៅ ទីតាំងអាទិភាពសមស្របសម្រាប់សម្អាត និងបញ្ជ្រាបការយល់ដឹង។ សម្រាប់វិធានការសុវត្ថិភាពក្នុងការរៀបចំយុទ្ធនាការសម្អាត ក្រសួងណែនាំថា ពេលសម្អាត្រូវប្រើប្រាស់ស្រោមដៃ និងដង្កៀបចាប់សំរាម ត្រូវពាក់ម៉ាសឱ្យបានជាប់ជានិច្ចក្នុងពេលសម្អាតអនាម័យ និងមិនត្រូវយកដៃប៉ះពាល់ផ្ទៃមុខរបស់ខ្លួន ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ៕ ដោយ៖ សុខ រក្សា

ads banner