ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈជំងឺគ្រុនឈាមកើនឡើងគួរឱ្យកត់សម្គាល់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញក្តីបារម្ភពីការផ្ទុះឡើងនូវជំងឺគ្រុនឈាម ដោយគិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ ២០២៣ ជំងឺនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ក្រសួងក៏បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបានណែនាំវិធីសាស្រ្តមួយចំនួនដើម្បីបង្ការផងដែរ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា៖«តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងមានវត្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់ ៥ទៅ៦ឆ្នាំម្តង»។
ក្រសួងបន្តថា គួរកត់សម្គាល់ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។
ហេតុនេះដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម និងដោយអនុវត្តវិធានការរួមមាន ប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សារសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យឱ្យបានឆាប់។
ជាមួយគ្នានេះ ក្រសួងក៏ប្រកាសឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
ទន្ទឹមគ្នានេះ អាណាព្យាបាល កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចម្តងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក។ បន្ថែមពីនេះ ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់ផងដែរ។
ក្រសួងសុខាភិបាល ក៏បានស្នើឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវសម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដើម្បីលុបបំបាត់ប្រភពនិងជម្រកមូសខ្លា។ ទន្ទឹមគ្នានេះដែរ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជម្រុញការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព។
ចំពោះអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូវិញ ក៏ត្រូវធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកវត្ថុទាំងនោះចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត។
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលលោក លាង ឫទ្ធា ធ្លាប់ប្រាប់ថា គិតត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន
៤ ៦៦៨ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១០ករណីដែលមានការកើនឡើងជិត២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានឱ្យដឹងទៀតថា ការរកឃើញថ្មីនេះ មានការកើនឡើង១ ៧៩៩ករណីច្រើនជាងឆ្នាំមុនដែលមានត្រឹមតែ២ ៨៦៩ករណី និងមានអ្នកស្លាប់ឆ្នាំមុនដោយសារជំងឺគ្រុនឈាមត្រឹមតែចំនួន៧ករណី ប៉ុណ្ណោះ៕ ដោយ៖ បូរ ពេជ្យហ្សាលីន