ប្រមុខរដ្ឋស្តីទីទទួលសារតាំងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាហ្សែ័របៃហ្សង់ (Video Inside)
ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្សែ័របៃហ្សង់ លោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ប្រគល់ជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋអាហ្សែ័របៃហ្សង់ បានប្តេជ្ញាតាមរយៈបេសកកម្មការទូតរបស់លោក ក្នុងប្រទេសកម្ពុជា លោកនឹងខិតខំថែរក្សានូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងជាប្រតិ្តសាស្ត្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋអាហ្សែ័របៃហ្សង់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអាហ្សែ័របៃហ្សង់ នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕