ក្រសួងយុត្តិធម៌ព្រមានដាក់ទោសគណនីហ្វេសប៊ុក សានព្រំ (Video Inside)
ក្រសួងយុត្តិធម៌ បានព្រមាននៅថ្ងៃសុក្រទី១៥កញ្ញានេះ នូវការចាត់វិធានការច្បាប់ចំពោះម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ សានព្រំ San Prum ដែលបានផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរបស់រដ្ឋ។
គណនីហ្វេសប៊ុក សានព្រំ ត្រូវគេរាយការណ៍ថាបាននៅលើបណ្តាញសង្គមរបស់ខ្លួននិយាយ ថាបុគ្គលម្នាក់ឈ្មោះ ឃឹម ភារុន ដែលចេញពីគុកស្រាប់តែបានប្រឡងជាប់ក្របខណ្ឌប៉ូលីស។ គណនីនោះ បានចោទអំពើពាក់ព័ន្ធទៅនឹងការចេញព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ ដោយនិយាយថាមានមានអំពើពាក់ព័ន្ធនឹងការសូកលុយ «មិនក្រោមពាន់ដុល្លារទេ»។
ក្រសួងយុត្តិធម៌ បានបំភ្លឺមកវិញថា យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោស ពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ។
ក្រសួងយុត្តិធម៌បានថ្លែងថាគេនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញសង្គមរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ សានព្រំ San Prum ដោយចោទថាជាការផ្សាយ ព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។