Soma Initiative ប្រារព្ធទិវាបៃតងឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់គ្រងសម្រាម កាក សំណល់រឹង និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិគ» នៅស្រុកទ្រាំង ខេត្តតាកែវ

តាកែវ ៖ Soma Initiative ដែលជាគម្រោងបង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ បានប្រារព្ធទិវាបៃតងឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់ គ្រងសម្រាម កាកសំណល់រឹង និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិគ» នៅទីរួមស្រុក ទ្រាំង ខេត្តតាកែវ ក្រោមកិច្ចសហការជាមួយអាជ្ញាធ រស្រុកទ្រាំង និងគាំទ្រដោយក្រសួង បរិស្ថាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និងជាប្រធាន Soma Initiative លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថាន ខេត្តតាកែវ និងលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ព្រមទាំងមន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស យុវជនកាយរឹទ្ធិ ស.ស.យ.ក និងប្រជាពលរដ្ឋសរុបទាំងអស់ ៤០០នាក់ ។

បន្ថែមលើសពីនេះ ក៏មានមន្រ្តីជំនាញពីក្រសួងបរិស្ថានចូលរួមធ្វើបទបង្ហាញស្ដីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹង និងជាពិសេសការបែងចែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការចែកថ្នាក់សំរាម និងប្រមូលយកទៅទីលានចោលសំរាមឬកែច្នៃ ។

ដោយឡែកក្រុមហ៊ុន សោម៉ា គ្រុប ក៏មានតំណាងចូលរួមធ្វើបទបង្ហាញពីផែនការក្នុងការចូលរួមក្នុងគម្រោងនេះផងដែរដោយផ្ដោតលើចំណុចសំខាន់ៗរួមមាន
១. ការអប់រំ
២. ការគាំទ្រលើសម្ភារៈ
៣. ការស្វែងរកដៃគូសហការ
៤. ការចូលរួមកសាងផែនការ និងនីតិវិធីផ្សេងៗ

គួររំឭកផងដែរថា ដើម្បីចូលរួមចែករំលែកគុណតម្លៃរបស់ខ្លួន ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធបានបង្កើតគម្រោងមួយមានឈ្មោះថា Soma Initiative ដែលមានកម្មវិធីសំខាន់ៗចំនួន៣គឺ កម្មវិធីអប់រំ សុខភាព-អនាម័យ និងបរិស្ថាន។

សូមជម្រាបជូនផងដែរថា ជារៀងរាល់ឆ្នាំ Soma Initiative តែងតែរៀបចំព្រឹត្តិការណ៍ទិវាបៃតងក្រោមប្រធាន បទផ្សេងៗគ្នា ហើយលើកនេះជាលើកទី៤សម្រាប់ទិវាបៃតងរបស់យើងខ្ញុំ ដោយឆ្នាំនេះយើងផ្ដោតលើការគ្រប់គ្រង សម្រាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលជាក្តីកង្វល់រួមជាសកលចំពោះការកើនឡើងនៃចំនួនប្រជាជន និងតម្រូវការរបស់មនុស្សធ្វើឱ្យបរិមាណសំរាម កាកសំណល់មានការកើនឡើងនិងបង្ករជាគ្រោះមហន្តរាយផ្សេងៗដូច ជាការប្រែប្រួលអាកាសធាតុ និងការរាតត្បាតនៃជំងឺផ្សេងៗជាដើម ។

ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ Soma Initiative បានធ្វើការសហការជាមួយអាជ្ញាធរ ស្រុកទ្រាំងដើម្បីជ្រើសរើសយកភូមិមួយគឺភូមិព្រៃសណ្ដែក ក្នុងឃុំព្រៃស្លឹក ដើម្បីធ្វើការអនុវត្តសាកល្បងលើការងារ គ្រប់គ្រងសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមឈ្មោះថា «ភូមិខ្ញុំស្អាត» ដោយមានផែនការរយៈពេល វែង និងមធ្យម ហើយក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធនឹងចូលរួមគាំទ្រលើការងារបំផុសស្មារតី អប់រំ និងផ្តល់ជា សម្ភារផ្សេងៗដែលបម្រើដល់គម្រោងនេះ ព្រមទាំងជួយស្វែងរកដៃគូសហការ និងសប្បុរសជននានាដើម្បីចូលរួមគាំទ ដល់កម្មវិធីផងដែរ ។

សម្រាប់ឆ្នាំ២០២៣នេះ ទិវាបៃតងរបស់ក្រុមហ៊ុន សោម៉ា គ្រុប បានរៀបចំឡើងក្រោម ប្រធានបទ “ការគ្រប់គ្រងសំរាម កាកសំណល់រឹង និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” និងបានសម្រេចជ្រើសរើសភូមិព្រៃសណ្ដែក ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីអនុវត្តសាកល្បងនូវគម្រោងគ្រប់គ្រងសំរាម កាកសំណល់រឹង និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីប្រែក្លាយភូមិនេះឱ្យទៅជាភូមិគំរូសម្រាប់ការអនុវត្តន៍ទៅលើភូមិផ្សេងៗទៀត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner