ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បានណែនាំដល់ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងរយៈ៥ឆ្នាំខាងមុខនេះ
(កណ្ដាល) ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុន្នីរត័្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត កណ្តាល កាលពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងមន្រ្តីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកៀនស្វាយ។
ឯកឧត្តម បានណែនាំឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការគណបក្សនយោបាយឡើយ ហើយក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលនយោបាយនានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុន្នីរត័្ន ក៏បានណែនាំដល់ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងរយៈ៥ឆ្នាំខាងមុខនេះ។ រដ្ឋបាលស្រុកកៀនស្វាយ ត្រូវខិតខំសម្រួល និងពង្រឹងការងារផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅសាលាស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងពិនិត្យតាមដាន និងគាំទ្រដល់ដំណើរការ ដើម្បីធានាការផ្តលសេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់៕