អគារទីស្តីការថ្មីក្រសួងមហាផ្ទៃត្រៀមដាក់សម្ពោធថ្ងៃទី៦ខែវិច្ឆិកា (Video Inside)
អគារទីស្ដីការថ្មីនៃក្រសួងមហាផ្ទៃត្រៀមសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះហើយ។ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា ពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃនឹងធ្វើនៅថ្ងៃទី៦ វិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សំណង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលបានកសាងឡើងកាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានតម្លៃប្រមាណ៦០លានដុល្លារ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារ បានសរុបចំនួន៣៣០គ្រឿង។
សំណង់អគារនេះ ធ្វើឡើងតាមប្រភេទស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿង ស្រកាលិញ មានបុស្បបុកចំនួន៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ។