លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាព មីនមនុស្សធម៌ឈានចូលថ្ងៃទី៥ (Video Inside)
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ដែលចូលរួមពីប្រទេសចំនួន១៤ មកពីអាស៊ី, អឺរ៉ុប, អូស្យានី និងសហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងនៅថ្ងៃទី១៨កញ្ញានេះ ក្នុងឱកាសចុះពិនិត្យលំហាត់សមយុទ្ធទាំង១៤ប្រទេស នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថាប្រតិបត្តិការក្នុងលំហាត់នេះ បានដំណើរការយ៉ាងល្អគ្រប់ជ្រុងជ្រោយ និងតាមលក្ខណៈបច្ចេកទេស។
លោកបានថ្លែងកត់សម្គាល់ទៀតថា បទពិសោធន៍របស់សិក្ខាកាមនៃប្រទេសនីមួយៗ បានចែករំលែកគ្នាទៅវិញទៅមក ដែលជាធាតុផ្សំសម្រាប់កិច្ចការបោសសម្អាតមីនមនុស្សធម៌ផងដែរ។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត នៃលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» ។
គិតត្រឹមថ្ងៃទី១៨កញ្ញា លំហាត់សមយុទ្ធដែលចូលរួមពីអូស្ត្រាលី, ព្រុយណេ, កម្ពុជា, ចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េខាងត្បូង, ឡាវ, ហ្វីលីពីន, រុស្ស៊ី, សឹង្ហបុរី, សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃហើយ។
លំហាត់ហ្វឹកហ្វឺនដែលនឹងមានរយៈពេល១០ថ្ងៃលើទឹកដីកម្ពុជានេះ ត្រូវគេចាត់ទុកថា បាន
រួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជា គ្មានមីន នាឆ្នាំ២០២៥ និងជាការគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង “ការផ្តល់ដីប្រកបដោយសុវត្ថិភាព បង្កើតស្នាមញញឹម”។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងជាចុងក្រោយថា «ទោះបីប្រតិបត្តិករ ពីប្រទេសផ្សេង ដែលមានពណ៌សម្បុរ និងជាតិសាសន៍ខុសគ្នា ប៉ុន្តែពួកគេបានធ្វើក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព»។