ការចរចាប្រាក់ឈ្នួលអប្បបរមាមិនត្រូវគ្នាជាចុងក្រោយ (Video Inside)
កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ សម្រាប់កម្មករ និងនិយោជិត នៅតែមិនទាន់ត្រូវគ្នានៅឡើយ ប៉ុន្តែភាគីនយោជកបានបង្ហាញសម្បទានបន្តិចថែមទៀត ខណៈដែលខាងសហជីពនៅតែរក្សាជំហរដដែល។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការចរចាប្រាក់ឈ្នួលអប្បបរមាជាលើកទី៤ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣, ភាគីម្ចាស់ក្រុមហ៊ុនបានបង្កើនតួលេខកន្លះដុល្លារថែមទៀត ដែលនាំឱ្យការស្នើតម្លើងនេះមានចំនួន១ដុល្លារកន្លះហើយ។
បើសិនជាសហជីពយល់ព្រមនឹង តួលេខតម្លើងនេះ, ប្រាក់ឈ្នួលអប្បបរមានឹងឡើងចំនួន២០១ដុល្លារកន្លះ។ ប៉ុន្តែភាគីសហជីព មិនបានយល់ព្រមឡើយ។ ភាគីសហជីពនៅតែទាមទារក្នុងតម្លៃឡើង១៥ដុល្លារជាដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤។
យោងតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តួលេខកំណត់ចុងក្រោយ នៃប្រាក់ឈ្នួលអប្បរមានឹងរំពឹងដឹងនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នៅថ្ងៃទី១៣, ១៤ និង១៥តុលា។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងមុននេះថា កិច្ចប្រជុំដើម្បីការចរចាប្រាក់ឈ្នួលនេះ នឹងមានមួយថ្ងៃចុងក្រោយទៀត គឺនៅថ្ងៃទី២៥កញ្ញា ដែលជាថ្ងៃប្រជុំពិភាក្សាបិទបញ្ចប់ជាចុងក្រោយ។