ខេត្តកំពង់ឆ្នាំងប្រាប់ពលរដ្ឋនៅតាមដងទន្លេសាបប្រុងប្រយ័ត្នកម្ពស់ទឹកឡើងខ្ពស់ (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តកំពង់ឆ្នាំងបានអំពាវនាវប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហក់ឡើងខ្លាំង។
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ នៅថ្ងៃទី១៨ កញ្ញា ២០២៣នេះ បានដាស់តឿនពលរដ្ឋរស់នៅតាមដងទន្លេ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនតូចៗ មិនត្រូវទុកចោលឱ្យនៅតែឯងឡើយ។
ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឱ្យដឹងថា ដោយសារមានភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិត៦២មីលីម៉ែត្រ បានធ្វើឱ្យទឹកទន្លេហក់ឡើង ដោយកន្លែងតំបន់ទំនាបខ្លះ ទឹកបានហៀរលិចចូលក្នុងភូមិករអ្នកស្រុកហើយ។
ប្រធានមន្ទីរធនធានទឹក និងឧុតនិយមខេត្តកំពង់ឆ្នាំង ដដែលបានឱ្យដឹងថា កម្ពស់ទឹកទន្លេសាប នៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម នៅថ្ងៃនេះមានកម្ពស់ ៧ម៉ែត្រ ៤៤សង្ទីម៉ែត្រ ដែលមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ។ កម្រិតប្រកាសអាសន្នគឺកម្ពស់ ១១ម៉ែត្រ។