រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ប្រកាសកញ្ចប់ជំនួយថ្មី ៤០០លានអឺរ៉ូ ដល់អ៊ុយក្រែន
បែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា អាល្លឺម៉ង់នឹងផ្តល់កញ្ចប់ជំនួយថ្មី ៤០០លានអឺរ៉ូ ដល់អ៊ុយក្រែន ជាការលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild ។
នៅពេលសាកសួរពីករណីអ៊ុយក្រែន មុនពេលចូលរួមកិច្ចប្រជុំក្រុមទំនាក់ទំនង នៅឯមូលដ្ឋានទ័ពអាកាស Ramstein រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius បានមានប្រសាសន៍ថា «បាទ យើងនឹងផ្គត់ផ្គង់គ្រាប់មីនបន្ថែម គ្រាប់រំសេវផ្ទុះកម្រិតខ្ពស់ និងគ្រាប់កាំភ្លើងត្បាល់ គ្រាប់រ៉ុក្កែតប្រឆាំងមីន» ជាការឆ្លើយតបនឹងសំណួរថាតើកញ្ចប់ជំនួយផ្សេងទៀតដល់ទីក្រុងគៀវ ដែលត្រូវបានគ្រោងទុក ជាអ្វីនោះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា «អាវុធគឺជាអ្វីដែលអ៊ុយក្រែនត្រូវការបំផុត..ក្រៅពីនោះ យើងនឹងជួយដល់យានជំនិះ និងប្រព័ន្ធដោះមីន។ យើងក៏បានយកចិត្តទុកដាក់ផងដែរអំពីរដូវរងាខាងមុខនេះ យើងនឹងបញ្ជូនសំលៀកបំពាក់ ថាមពល និងម៉ាស៊ីនកំដៅ ហើយកញ្ចប់នេះនឹងមានតម្លៃសរុប ៤០០ លានអឺរ៉ូ» ។
នៅពេលសួរពីការផ្គត់ផ្គង់ដែលអាចមាននៃមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវតែ ថ្លឹងថ្លែងយ៉ាងហ្មត់ចត់នូវការផ្គត់ផ្គង់អាវុធនីមួយៗ ។
លោកបាននិយាយថា «វាចាំបាច់ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ជាច្រើនអំពីទិដ្ឋភាពនយោបាយ ច្បាប់ យោធា និងបច្ចេកទេស នេះពិតជាពិបាកណាស់ វាមិនទាន់ត្រូវបានសម្រេចថាតើរដ្ឋាភិបាលសហព័ន្ធនឹងផ្គត់ផ្គង់កាំជ្រួច Cruise Taurus ឬអត់» ដោយលោកបានបន្ថែមថា «ការផ្គត់ផ្គង់មីស៊ីល Taurus ដែលត្រូវមើល គឺថាតើមីស៊ីលបែបនេះអាចប្រើដោយគ្មានទាហានអាល្លឺម៉ង់ ផ្នែក Bundeswehr មិនថានៅលើដី ឬ ពីចម្ងាយ ចេញពីប្រទេសអាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់បានផ្តល់ជំនួយដល់អ៊ុយក្រែន សរុបជាង២២ពាន់លានអឺរ៉ូ ឬជាង២៣ពាន់លានដុល្លារអាមេរិក រួចមកហើយ រាប់ចាប់ពីការផ្តល់ តង់ និងម៉ាស៊ីនភ្លើង រហូតដល់រថក្រោះ និងប្រព័ន្ធការពារដែនអាកាស នេះបើតាមរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បញ្ជាក់ កាលពីខែសីហា ឆ្នាំ២០២៣៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត