ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ
ភ្នំពេញ៖ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងលោកស្រី អេង គីមហ៊ាប នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានឱ្យដឹងថា បន្ទាប់ពីថ្នាក់ភូមិ និងសង្កាត់ បានរាយការណ៍មកថាមានប្រជាពលរដ្ឋនៅមូលដ្ឋាន ជួបការលំបាកខ្វះខាត ភ្លាមនោះលោកស្រីក៏បានរៀបចំចាត់ចែងអំណោយដើម្បីធ្វើការដោះស្រាយនូវការលំបាកជូនពួកគាត់ភ្លាមៗឱ្យបានទាន់ពេលវេលា និងជាក់ស្តែងដូចនៅថ្ងៃនេះស្រាប់ ។
ក្នុងឱកាសនោះលោក ហែម ដារិទ្ឋិ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងតែងបានគិតគូរនិងយកចិត្តទុកដាក់ពីការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅគ្រប់ពេលវេលា ។
លោក ហែម ដារិទ្ឋិ ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ យកទៅផ្តល់ជូននាពេលនេះ គឺក្នុងមួយគ្រួសារ រួមមាន ៖ អង្ករ ២៥គីឡូក្រាម, ឆ្នាំង០១, ខ្ទះឆា ០១, កំសៀវ ០១, ចានដែក ០១, ផ្តិលទឹក ០២, ថាស ០១, កន្ថោរ ០១, ចានស្រាក់ ០១, ទឹកត្រី ០២ដប, ទឹកស៉ីអ៉ីវ ០២ដប, ជ្រុញ ០១ និងថវិកា ៥ម៉ឺនរៀល ។ ដោយឡែក លោក ហែម ដារិទ្ធិ និងលោកស្រី អេង គីមហ៊ាប បានរួមចំណែកផ្តល់ជូនបន្ថែម ៥ម៉ឺនរៀលផងដែរ៕
ដោយ / គ្រី សម្បត្តិ