នៅថ្ងៃទី១៨ ខែកញ្ញា មានមនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦៦នាក់នោះ មាន ៥១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ២៤ករណី និងជនសង្ស័យ ១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ៩ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕
ដោយ ប៊ុន ធី និង ភារ៉ា