លទ្ធផលថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន បានព្រមព្រៀងចេញជាសេចក្ដីថ្លែងការណ៍រួម សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំទាំង១១ សមាគមជាតិ

(ភ្នំពេញ)៖ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នាចេញជា សេចក្ដីថ្លែងការណ៍រួម សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំទាំង១១ សមាគមជាតិ ។ នេះបើតាមលទ្ធផលថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ ដែលបង្ហាញជូនដោយ លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា ។

លោកស្រី ឌួង ទេពសុគន្ធា បានឱ្យដឹងថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃចុងក្រោយ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានបញ្ចប់ទៅ ដោយអនុវត្តតាមរបៀបវារៈ និងទទួលបានលទ្ធផលដូចជា៖

ការចូលរួមពិធីដាំដើមឈើ ចំនួនជាង ៥១២ដើម លើផ្ទៃដី ២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ពីសំណាក់ប្រតិភូយុវជន និងគ្រូសម្របសម្រួល មកពី ១១ សមាគមជាតិ ចំនួន ៣៩នាក់ និងប្រតិភូថ្នាក់ដឹកនាំនៃសមាគមជាតិ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងទីម័រខាងកើត ចំនួន ១២នាក់ ដែលនេះ ជាការចូលរួមអនុវត្តជាក់ស្ដែង និងស្វែងយល់កាន់តែច្បាស់អំពីផលប្រយោជន៍នៃការដាំដើមឈើ និងការលើកកម្ពស់បរិស្ថានពណ៌បៃតង ដើម្បីចូលរួមកាត់បន្ថយហានិភ័យ នៃការប្រែប្រួលអាកាសធាតុ ។

ប្រតិភូយុវជនទាំង ១១ សមាគមជាតិ បានបន្តទៅទស្សនកិច្ចសិក្សា នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីសិក្សាស្វែងយល់ពីច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាច្បាប់សម្រាប់ការពារសិទ្ធសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុវត្ថិភាពរបស់មនុស្សនៅក្នុងសម័យសង្គ្រាម និងសម័យសន្តិភាពផងដែរ តាមរយៈប្រវត្តិដ៏ជូរចត់នៅកម្ពុជា អំឡុងឆ្នាំ ១៩៧៥-១៩៧៩។ ក្នុងឱកាសនោះ ប្រតិភូយុវជនអន្តរជាតិ ពិតជាមានក្ដីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយ ចំពោះការបាត់បង់នូវធនធានមនុស្សជាតិ ទ្រព្យសម្បត្តិ ក៏ដូចជាបាត់បង់ នូវប្រទេសមួយដែលកំពុងមានសន្តិភាពទៅក្នុងភាពសាហាវ ឃោរឃៅ យង់ខ្នង របស់របបប្រល័យពូជសាសន៍មួយនេះ។ លើសពីនេះទៅទៀត ប្រតិភូយុវជនទាំងអស់ ក៏បានស្វែងយល់កាន់តែច្បាស់ពីសារៈសំខាន់ នៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលពិតជាអាចការពារនូវអាយុជីវិត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិបានពិតប្រាកដមែន ។

ប្រតិភូយុវជនទាំង ១១ សមាគមជាតិ វេទិកាយុវជនលើកទី២ បានព្រមព្រៀងគ្នា ចេញជាសេចក្ដីថ្លែងការណ៍រួមមួយសម្រាប់បង្ហាញជូនថ្នាក់ដឹកនាំទាំង ១១ សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ។

លោកស្រី បានបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍របស់យុវជន នៃវេទិកាយុវជនលើកទី២នេះ គឺមានខ្លឹមសារដូចជា៖ គោរពស្នើសុំថ្នាក់ដឹកនាំ ឱ្យផ្ដល់បន្ថែមនូវធនធាន និងយុទ្ធសាស្ត្រ ដើម្បីគាំទ្រ លើកកម្ពស់ការអភិវឌ្ឍ និងការចូលរួមរបស់យុវជនទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ, គោរពស្នើសុំឱ្យមានការចូលរួមជាមួយយុវជនក្នុងការសម្រេចចិត្ត ដើម្បីជំរុញឱ្យមានការចូលរួមពីយុវជនឱ្យបានសកម្មថែមទៀត និងជំរុញឱ្យមានការបង្កើត និងបន្តនូវរចនាសម្ព័ន្ធដែលដឹកនាំដោយ យុវជននៅក្នុងសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។

សកម្មភាពរួម របស់យុវជន និងថ្នាក់ដឹកនាំ៖ ១. ផ្ដោតសំខាន់លើការធ្វើបច្ចុប្បន្នភាព នៃគោលនយោបាយយុវជន ដោយមានការចូលរួមពីយុវជនផ្ទាល់ និងជំរុញឱ្យមានការអនុវត្តនូវយន្តការកែប្រែ និងផ្សព្វផ្សាយក្នុងចំណោមយុវជនឱ្យកាន់តែប្រសើរឡើង, ២. ផ្ដល់ឱកាសដល់យុវជនចូលរួមក្នុងការបង្កើតគេហទំព័រ មាតិកា និងខ្លឹមសារ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្ដាញសង្គម, ៣. ផ្ដល់អាទិភាពដល់យុវជន ដែលចូលរួមនូវសកម្មភាពទាំងឡាយដែលទាក់ទងនឹង ការកាត់បន្ថយ, ហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងសកម្មភាពផ្សេងៗទៀត ដែលទាក់ទងនឹងការការពារបរិស្ថាន, ៤. លើកកម្ពស់ការអនុវត្តគម្រោង របស់យុវជនដែលមានភាពនវានុវត្តន៍មនុស្សធម៌ និងផ្ដល់ការគាំទ្រដែលចាំបាច់ ដូចជាធនធាន និងបច្ចេកទេស, ៥. ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ តាមរយៈបណ្ដាញយុវជន នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ និង ៦. ទទួលស្គាល់នូវសារៈសំខាន់ នៃការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍន៍ នូវយុទ្ធសាស្ត្រ នៃការចូលរួមរបស់យុវជន ២.០ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner