កម្ពុជាធ្វើការជាមួយគ្រប់ដៃគូ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព

(ភ្នំពេញ)៖ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោមប្រធានបទ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល សម្រាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៖ សកម្មភាព និង វឌ្ឍនភាព”។

ថ្លែងក្នុងសុន្ទរកថា ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់អំពីការចូលរួមយ៉ាងសកម្ម របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលទទួលបានការគាំទ្រពីបណ្ដាប្រទេស និងអង្គការចំនួនប្រមាណជាង ១០០ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក។ កម្ពុជាមានមោទនភាពដែលបានចូលរួម និងពេញចិត្តចំពោះវឌ្ឍនភាពជាច្រើនរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។ គោលការណ៍ជាមូលដ្ឋាននៃគំនិតផ្តួចផ្តើមនេះគឺ ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកាន់អភិក្រមយកប្រជាជនជាស្នូល ធានាថាមិនទុកបុគ្គលណាម្នាក់ចោល និងកសាងភាពជាដៃគូអភិវឌ្ឍន៍សកល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំ និងប្តេជ្ញាចិត្តឥតងាករេ គាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃគម្រោងអភិវឌ្ឍន៍នានា របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពោលគឺចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពរួម និងវិធានការដែលបានដាក់ចេញ សំដៅដោះស្រាយបញ្ហាប្រឈម និងពន្លឿនវឌ្ឍនភាព ដោយមិនទុកប្រទេស ឬបុគ្គលណាមួយចោលឡើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលពេញលេញនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលនឹងបន្តជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ៗគ្នា៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner