កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបើកដំណើរការ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌
(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានចាប់ដំណើរការនាព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងយ៉ាងប្រចក្សពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា, ការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការមនុស្សធម៌លើគ្រប់ទិដ្ឋភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងកម្រិតតំបន់ និងសកល ជាពិសេស ឆ្លើយតបទៅនឹងភាពងាយរងគ្រោះ និងសកម្មភាពមនុស្សធម៌នៅក្នុងតំបន់ ។

ឯកឧត្ដម ក៏សូមចែករំលែកនូវមតិយោបល់គន្លឹះមួយចំនួន ដើម្បីចូលរួមពង្រឹងតួនាទីរបស់យុវជន ក្នុងសកម្មភាពសង្គមឱ្យបានទូលំទូលាយ, លើកកម្ពស់ភាពធន់ទៅនឹងវិបត្តិ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការពង្រីក និងពង្រឹងតួនាទីរបស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាពិសេស កាកបាទក្រហមកម្ពុជាដូចជា៖ ការបន្តពង្រឹងបន្ថែមនូវ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងក្របខណ្ឌតំបន់,អនុតំបន់ និងអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំង លើកកម្ពស់កិច្ចសហការពីគ្រប់តួអង្គសំខាន់ៗ ។ ទី២. ការបញ្ជ្រាប និងការពង្រឹងតួនាទីស្នូលរបស់យុវជន ដែលជាកម្លាំងបន្តវេនក្នុងគំនិតផ្តួចផ្តើមសកម្មភាពមនុស្សធម៌ ។ ទី៣. ការលើកកម្ពស់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់នានា និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមលើយុទ្ធនាការជំរុញការថែទាំសុខភាពសាធារណៈ ដោយសម្លឹងមើលពីភាពចាំបាច់ក្នុងការបង្កើត និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន ។ ទី៤. ការបន្តអនុវត្តសកម្មភាពមនុស្សធម៌ និងការប្រកាន់ជាប់ជានិច្ចនូវ «វប្បធម៌ចែករំលែក» ក្នុងតំបន់ ។ ទី៥. ការលើកកម្ពស់ធុរកិច្ចថ្មី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកទឹកចិត្តវិនិយោគឯកជនដោយផ្អែកលើគំរូសហគ្រិនភាពសង្គម គឺជាកិច្ចការដ៏ចាំបាច់ក្នុងការផ្តល់ដំណោះស្រាយនវានុវត្តន៍តាមមូលដ្ឋាន និងលើកកម្ពស់តួនាទីរបស់យុវជនសម្រាប់បុព្វហេតុមនុស្សធម៌ និងការដោះស្រាយកិច្ចការសង្គមនានា។ ទី៦. ការប្រែប្រួលអាកាសធាតុ ជាបញ្ហាគម្រាមកំហែងគ្មានព្រំដែនរួមរបស់សកលលោក ជាពិសេស សម្រាប់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយងាយរងគ្រោះយ៉ាងខ្លាំង ទៅនឹងគ្រោះធម្មជាតិនានា ដើម្បីដោះស្រាយបញ្ហានេះ និងត្រៀមលក្ខណៈសម្រាប់ឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះ សហព័ន្ធអន្តរជាតិ, គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដែលបានគាំទ្រ និងសម្របសម្រួលការងារជាមួយ កាកបាទក្រហមកម្ពុជា សម្រាប់ដំណើរការនៃកិច្ចប្រជុំ និងសូមថ្លែងនូវការកោតសរសើរចំពោះ អឌ្ឍចន្ទក្រហមព្រុយណេ ដែលជាប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំលើកទី១៩ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ សម្រេចបានផ្លែផ្កាគួរជាទីមោទន:។

សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានបង្ហាញសុទិដ្ឋិនិយម ជាមួយនឹងការរីកចម្រើនភាពជាដៃគូរវាងសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអគ្គលេខាធិការដ្ឋានអាស៊ាន, យន្តការនាំមុខអាស៊ានថ្នាក់តំបន់ និង មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអាស៊ាន សម្រាប់ការគាំទ្រជំនួយមនុស្សធម៌លើការងារគ្រប់គ្រងគ្រោះមហន្តរាយដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងបេសកកម្មមនុស្សធម៌ នៅតំបន់អាស៊ីអាគ្នេយ៍ បានប្រកបដោយប្រសិទ្ធភាព ៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ