តំបន់ទំនាបខេត្តកំពង់ធំជន់លិចដោយទឹកជំនន់ (Video Inside)
តំបន់ទំនាបមួយចំនួននៅក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ ត្រូវបានរងការជន់លិចដោយសារករណីជំនន់ទឹកភ្លៀង។
ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កិត្តិសង្គហបណ្ឌិត គន់ គីម នៅថ្ងៃទី២២ ខែកញ្ញា បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៃការកើនឡើងទឹកជំនន់នេះ នៅក្នុងឃុំព្រះដំរី ឃុំរុងរឿង, ឃុំបន្ទាយស្ទោង និងឃុំទ្រា នៃស្រុកស្ទោង។
មន្ត្រីខេត្ដបានថ្លែងថាដំណាំ ,ស្រែចម្ការ ,ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ, ទីវត្តអារាម, ផ្ទះសម្បែង និងសាលារៀន ក្នុងឃុំទាំងនោះ បានរងនឹងការលិច ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។
ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នាពេលនេះ ជាពិសេសត្រូវមើលថែក្មេងៗ ឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក, ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច។
ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។