រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន (Video Inside)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃប្រទេសវៀតណាម បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងជំនួបទ្វេភាគីក្នុងប្រទេសវៀតណាម។
រដ្ឋមន្ត្រីកម្ពុជាលោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ម៉ាញ់ហុង បានប្តេជ្ញាជាមួយគ្នា ក្នុងការពង្រឹងគុណភាពសារព័ត៌មាន នៅក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយថែមទៀត ក្នុងជំនួបមួយនៅក្រុងដាណាំង ថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃប្រទេសទាំង២ បានធ្វើឡើងក្នុងរង្វង់ដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មានទាំង ១០ប្រទេស រៀបចំធ្វើក្នុងប្រទេសវៀតណាម ដែលនឹងមានរយៈពេល៤ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៤កញ្ញា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានទាំង ២ប្រទេស នៅបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាន នៃប្រទេសវៀតណាម បានថ្លែងថា គេនឹងត្រៀមខ្លួនផ្តល់នូវការគាំទ្រ លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាល នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។