អត្រាអតិផរណារបស់ម៉ាឡេស៊ី នៅទ្រឹងត្រឹម ២ភាគរយក្នុងខែសីហាឆ្នាំនេះ
គូឡាឡាំពួរ៖ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DoSM) បានបញ្ជាក់ថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីនៅតែមិនផ្លាស់ប្តូរ ពោលគឺនៅត្រឹម ២ភាគរយក្នុងខែសីហា ឆ្នាំ ២០២៣ ដែលស្រដៀងទៅនឹងអត្រាកំណើនដែលបានកត់ត្រាក្នុងខែកក្កដា ឆ្នាំ ២០២៣ដែរ។
នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DoSM) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២២ ខែកញ្ញាថា អត្រាអតិផរណាដែលបានកត់ត្រានៅក្នុងខែសីហា គឺដោយសារតែកំណើនយឺតនៅក្នុងវិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ដែលបានធ្លាក់ចុះដល់ ៤.៧ភាគរយ បើធៀបនឹងខែមុន ៥ភាគរយ។
ម្ហូបអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលមានចំនួន ៤.១ភាគរយក្នុងខែសីហា បើធៀបនឹងខែមុន ៤.៤ភាគរយ ខណៈដែលទំនិញ និងសេវាកម្មផ្សេងៗមានចំនួន ២.៤ភាគរយ បើធៀបនឹងខែមុន ២.៦ភាគរយ។
បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀត នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DoSM) បាននិយាយថា អត្រាអតិផរណា ២ភាគរយនៅក្នុងប្រទេសម៉ាឡេស៊ី គឺទាបជាងនៅក្នុងតំបន់អឺរ៉ូដែលមាន ៥.៣ភាគរយ, ហ្វីលីពីន ៥.៣ភាគរយ, កូរ៉េខាងត្បូង ៣.៤ភាគរយ, ឥណ្ឌូនេស៊ី ៣.៣ភាគរយ និងវៀតណាម ៣ភាគរយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា