ធនាគារ ADB ព្យាករណ៍ថា សេដ្ឋកិច្ចឡាវនឹងកើនឡើងយឺតនៅឆ្នាំនេះ ប៉ុន្តែនឹងមានស្ថិរភាពនៅឆ្នាំ ២០២៤
វៀងចន្ទន៍៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ ក្នុងឆ្នាំ ២០២៣នេះ មកត្រឹម ៣.៧ភាគរយពី ៤ភាគរយដែលបានព្យាករក្នុងខែមេសាកន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មានឡាវបានរាយការណ៍ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុករបស់ប្រទេសឡាវ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចយឺតនៅក្នុងប្រទេសចិន, ផលប៉ះពាល់ពីគ្រោះទឹកជំនន់នាពេលថ្មីៗនេះ, សម្ពាធម៉ាក្រូសេដ្ឋកិច្ចដែលកើតឡើងពីបំណុលសាធារណៈដែលមិនមាននិរន្តរភាព និងរូបបិយបណ្ណគីបរបស់ប្រទេសឡាវធ្លាក់ចុះ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាការធ្វើបច្ចុប្បន្នភាពនៃការបោះពុម្ពផ្សាយរបស់ ADB បានបញ្ជាក់ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ឡាវសម្រាប់ឆ្នាំ ២០២៤ ត្រូវបានរក្សាទុកនៅត្រឹម ៤ភាគរយ។
នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសឡាវ លោក Sonomi Tanaka ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានឡាវថា ការកើនឡើងតម្លៃម្ហូបអាហារបានប៉ះពាល់ដល់អំណាចទិញរបស់គ្រួសារ ដោយគ្រួសារជាច្រើនប្រឈមមុខនឹងការបរិភោគតិច។
បន្ថែមលើនេះ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព រួមទាំងការសម្របសម្រួលកាន់តែខ្លាំងលើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ គឺជារឿងចាំបាច់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសឡាវ៕ ប្រភព៖ Vientiane Times ប្រែសម្រួលដោយ៖ ឈឹម ទីណា