ក្រសួងព័ត៌មានកម្ពុជានិងក្រសួងគមនាគន៍និងឌីជីថលនៃប្រទេសម៉ាឡេស៊ីលើទិដ្ឋភាពនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធរវាងមន្ត្រីនៃក្រសួងទាំងពីរលើកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ
(ភ្នំពេញ)៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល។
ភាគីទាំងពីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជានិងក្រសួងគមនាគន៍និងឌីជីថលនៃប្រទេសម៉ាឡេស៊ីលើទិដ្ឋភាពនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធរវាងមន្ត្រីនៃក្រសួងទាំងពីរលើកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុកនិងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។
ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន៕
ដោយ ង៉ាន់ ទិត្យ