លោក ហ្សេលេនស្គី ជំរុញការគាំទ្រក្នុងសង្គ្រាមនៅប្រទេសខ្លួន ក្នុងដំណើរទៅកាន់ប្រទេសកាណាដា

អូតាវ៉ា៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២២ ខែកញ្ញានេះ បានជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ដែលបានសន្យាផ្តល់ជំនួយបន្ថែមដល់ប្រទេសដែលហែកហួរដោយសង្រ្គាម ខណៈលោក ហ្សេលេនស្គី បានបញ្ចប់ជើងទី ៣ នៃដំណើរទស្សនកិច្ចរបស់គាត់ ក្នុងបំណងជំរុញការគាំទ្រពីអន្តរជាតិ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងសុន្ទរកថាទៅកាន់សភាកាណាដា បានសម្តែងនូវការដឹងអរគុណចំពោះការគាំទ្រដល់ទីក្រុងកៀវ ចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កាណាដាគឺជាប្រទេសដែលមានជនភៀសខ្លួនអ៊ុយក្រែនធំជាងគេទីពីររបស់ពិភពលោក។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា នៅពេលយើងអំពាវនាវដល់ពិភពលោកឱ្យគាំទ្រពួកយើង… វាមិនមែនគ្រាន់តែជាជម្លោះធម្មតានោះទេ… វាជាការសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ កាណាដាតែងតែការពារយុត្តិធម៌ និងសេរីភាព នៅពេលដែលរុស្ស៊ីចាប់ផ្តើមសង្រ្គាមពេញលេញប្រឆាំងនឹងអ៊ុយក្រែន… សូមអរគុណ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្តេជ្ញាថា លោកនឹងបន្តឈរយ៉ាងរឹងមាំ និងមិនផ្លាស់ប្តូរជាមួយអ៊ុយក្រែន។

លោក ទ្រូដូ បាននិយាយយ៉ាងដូច្នេះថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យយើង ពីរបៀបដែលយើងការពារតម្លៃប្រជាធិបតេយ្យ។ យើងនឹងឈរនៅជាមួយអ្នក និងវីរបុរសទាំងអស់ដែលកំពុងប្រយុទ្ធដ៏ក្លាហាន ដរាបណាអ៊ុយក្រែននៅតែត្រូវការ។
នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះដែរ កាណាដាក៏បានប្រកាសផ្តល់កញ្ចប់ជំនួយបន្ថែមចំនួន ៦៥០លានដុល្លារកាណាដាក្នុងរយៈពេល ៣ឆ្នាំ។

ការសន្យានេះរួមមានទាំងរថពាសដែកចំនួន ៥០គ្រឿង និងការហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះចម្បាំង F-16 បន្ថែមពីលើជំនួយចំនួន ៦.៦ពាន់លានដុល្លារអាមេរិក ជាជំនួយដែលកាណាដាបានចូលរួមចំណែករួចហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner