កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដំណើរការនៅថ្ងៃទី២១ និង២២ កញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន បានបិទបញ្ចប់ដោយជោគជ័យ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបោន តាមរយៈផែនការអភិវឌ្ឍបៃតង ដើម្បីខ្យល់បរិសុទ្ធ និងសុខុមាលភាព និងជីវភាពកាន់តែល្អប្រសើរឡើង សម្រាប់មនុស្សជាតិ, ការលើកកម្ពស់ការជួបការពិគ្រោះយោបល់ ដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពង្រឹងបានថែមទៀតនូវកម្លាំងសាមគ្គីភាពរឹងមាំ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូនៅក្នុងចលនា និងនៅក្រៅចលនា ជាពិសេសជាមួយនឹង អគ្គលេខាធិការដ្ឋានអាស៊ាន, យន្តការនានារបស់អាស៊ាន, របស់រដ្ឋាភិបាល, វិស័យឯកជន រួមទាំងប្រជាពលរដ្ឋក្នុងសហគមន៍។យ៉ាងណាម៉ិញ កាកបាទក្រហមកម្ពុជា នឹងចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួម របស់កាកបាទក្រហមកម្ពុជា ក្នុងការកសាងសហគមន៍ឱ្យមានភាពធន់រឹងមាំ ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងមានសមត្ថភាពក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
សូមជម្រាបថា កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ បានពិភាក្សាគ្នាយ៉ាងផុសផុល លើសម័យប្រជុំចំនួន១០ ព្រមទាំងសម្រេចបាននូវសេចក្ដីថ្លែងការណ៍ រាជធានីភ្នំពេញ ដែលបានព្រមព្រៀងចុះហត្ថលេខារួមគ្នា ជាសក្ខីកម្មនៃការទទួលយកនូវបណ្ដាការងារ ដែលមានដំណោះស្រាយថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបច្ចុប្បន្ននេះ កើតមានកាន់តែញឹកញយជាងមុន និងមានភាពធ្ងន់ធ្ងរខ្លាំងជាងមុន ដែលជាការព្រួយបារម្ភ និងរួមគ្នាកសាងសហគមន៍ និងសង្គមឱ្យមានភាពធន់ និងប្រកបដោយបរិយាប័ន្ន។
សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ បានទទួលស្គាល់នូវបញ្ហាប្រឈមនានា នៅក្នុងវិស័យមនុស្សធម៌ ដែលទាក់ទងនឹងភាពអាសន្នផ្នែកសុខភាព(Total First Aid)គ្រោះមហន្ដរាយ ការប្រែប្រួលអាកាសធាតុ រួមទាំងការធ្វើចំណាកស្រុក និងការផ្លាស់ទីលំនៅ ព្រមទាំងបានប្ដេជ្ញា បន្ដស្វែងរកដំណោះស្រាយ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះវិបិត្តមនុស្សធម៌ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ។
លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា ចំណុចសំខាន់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃ ទម្រាំឈានដល់ការចេញសេចក្ដីថ្លែងការណ៍ គឺការផ្ដល់អំណាចដល់យុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម , ការលើកឡើងពីបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាទេសន្ដប្រវេសន៍ (ចំណាកស្រុក) រួមទាំងការបាត់បង់នូវទីជម្រកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងដោយសារតែបញ្ហាវិបិត្តមនុស្សធម៌។
លោកជំទាវ បានបន្តថា ថ្នាក់ដឹកនាំនៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង១១ មានមតិឯកភាព និងឃើញពីអត្ថប្រយោជន៍ និងជោគជ័យ ដោយមានការចូលរួមពីឯកឧត្ដមអគ្គលេខាធិការអាស៊ាន ដោយបានប្ដេជ្ញារួមគ្នាទប់ស្កាត់បញ្ហាការប្រែប្រួលអាកាសធាតុ និងរង់ចាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ ដែលប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំ២០២៤ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រីសម្បត្តិ