អាមេរិកសម្រេចផ្តល់ជំនួយតាមរយៈ USAID ជូនកម្ពុជាឡើងវិញ

សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ និងបានអបអរសាទរចំពោះការជ្រើសតាំងសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវ វ៉ិចតូរីយ៉ នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូលទទួលបានជោគជ័យ។

កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ វ៉ិចតូរីយ៉ នូលែន បានគោរពជម្រាបជូនសម្ដេចធិបតីថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួល នីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេចធិបតី ក៏បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថាបញ្ហាសុខភាព គឺជាអ្វី ដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់សម្តេចធិបតី៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner