សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនសម្តែងក្តីកង្វល់ ជុំវិញកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង

សេអ៊ូល៖ ប្រមុខការទូតអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះកិច្ចពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ក្នុងនោះរួមមានទាំងពាណិជ្ជកម្មអាវុធ។

ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែកញ្ញានេះ បានឱ្យដឹងថា នៅក្នុងជំនួបខ្លីមួយកាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ព្រមទាំងសមភាគីកូរ៉េខាងត្បូង លោក ប៉ាក់ ជីន និងជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា បានឯកភាពគ្នាថា នឹងឆ្លើយតបយ៉ាងមុតមាំចំពោះទង្វើណាមួយដែលគំរាមកំហែងដល់សន្តិសុខតំបន់ ដែលរំលោភលើសេចក្តីសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការព្រួយបារម្ភរបស់ប្រមុខការទូតទាំងបីខាងលើ បានកើតមានឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីមួយសប្តាហ៍ និងបានពិភាក្សាអំពីកិច្ចសហការយោធាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ទន្ទឹមគ្នា មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានបង្ហាញការព្រួយបារម្ភថា ជំនួបកំពូលនេះមានបំណងអនុញ្ញាតឱ្យរុស្ស៊ីទទួលបានគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីបំពេញកង្វះខាតគ្រាប់រំសេវសំរាប់ប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner