សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ

ថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា “ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ។ ការវិត្តន៍កាន់តែដុនដាមនៃសង្គ្រាមនៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេស មានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្ដិសុខវិញ។ ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់វិបត្តិជំងឺកូវីដ-១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។”

សម្តេចធិបតីបានបន្តថា យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាពឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា។ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារ ការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។

ក្នុងន័យនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះរបស់ «របៀបវារៈថ្មីសម្រាប់សន្ដិភាព» ឯកឧត្តមអគ្គលេខាធិការ ជាមួយនឹងអនុសាសន៍ប្រកបដោយមហិច្ឆតា សម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យ សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកលដូចដែលបានរៀបរាប់ក្នុងរបាយការណ៍ពី «របៀបវារៈរួមរបស់យើង»។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអគ្គលេខាធិការ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីជឿជាក់ថា ការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើម នៃវឌ្ឍនភាពឡើងវិញ, កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ នឹងនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលការណ៍, ការទទួលខុសត្រូវរួម ប៉ុន្ដែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។

ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង៧ភាគរយក្នុងមួយឆ្នាំ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលជោគជ័យបំផុតនៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ៕
ដោយ៖ពលជ័យ

ads banner