សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុង រដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជានឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង។

ការបញ្ជាក់នេះ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ៕
ដោយ៖ពលជ័យ

ads banner