បុរស ពិការតស៊ូពីលក់ត្រីតាមកញ្ច្រែង មកបង្កើតជាសិប្បកម្មត្រីងៀត អាចរកប្រាក់ចំណេញក្នុងមួយខែចាប់ពី៣ទៅ៤ពាន់ដុល្លារ

(ខេត្តសៀមរាប)៖ធ្លាប់តែជីវភាពក្រីក្រ និង ថែមទាំងពិការភាព ប៉ុន្តែយ៉ាងណាដោយភាពអត់ធ្មត់តស៊ូ ទីបំផុតបុរសពិការជើង និងភរិយាបានសម្រេចបំណងដែលជាក្តីសុបិន្តរបស់ខ្លួននោះគឺបង្កើតជាសិប្បកម្មត្រីងៀតមានកេរ្តិ៍ឈ្មោះបោះសម្លេងដែលអាចលក់បានទាំងក្នុងស្រុក និងការបញ្ជូនទៅលក់នៅបរទេសបានថែមទៀត។

បុរសដែលជាម្ចាស់សិប្បកម្មត្រីរូបនេះ មានឈ្មោះ យន់ សំណាង សព្វថ្ងៃរស់នៅភូមិអារញ្ញ ក្រុងសៀមរាប ខេត្តសៀមរាប ហើយបច្ចុប្បន្នលោកថែមទាំងបានទទួលបានវិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)ដែលជាមធ្យោបាយមួយលោកអាចរកទីផ្សារបានងាយស្រួលជាងមុន។

លោក យន់ សំណាង បានបញ្ជាក់ប្រាប់ថា៖នាពេលបច្ចុប្បន្ននេះលោកអាចលក់ត្រីបាន ក្នុងមួយខែប្រមាណ ២តោន ហើយទទួលបានប្រាក់ចំណេញចាប់ពី ៣ ទៅ ៤ពាន់ដុល្លារ ក្នុងមួយខែ ។ លោកមានបុគ្គលិកធ្វើការចំនួនជាង ១០នាក់។
បុរសរូបនេះបានប្រាប់ដែរថា”ខ្ញុំបានចាប់ផ្តើមរកស៊ីតាំងតែពីលក់ត្រីតាមកញ្ច្រែងក្នុងផ្សារបន្តិចបន្តួច ហើយបានពង្រីកមុខរបរបន្តិចម្តងៗរហូតមានដើមទុនច្រើន ដូចសព្វថ្ងៃដោយ សារការតស៊ូស្វិតស្វាញណាស់។ ១៥ឆ្នាំមកនេះខ្ញុំស្គាល់គ្រប់រស់ជាតិ ។បច្ចុប្បន្ននេះដែរខ្ញុំ មានផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងប្រទេសនិងក្រៅប្រទេសក្នុងនេះដូចជាត្រូវបានឈ្មួញកណ្ដាល នាំចេញក្រៅផ្លូវការ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្ត្រាលី ដែលមានសហគមន៍ ជនជាតិខ្មែរកំពុងរស់នៅជាដើម”។

បុរសរូបនេះបានបញ្ជាក់ប្រាប់ថាលោកបានផលិតត្រីងៀត និងត្រីប្រឡាក់ គឺជាផលិតផលចម្បងរបស់សិប្បកម្ម ដោយប្រើប្រាស់ត្រីប្រភេទខុសៗគ្នារួមមាន៖ ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើមដោយ មានតម្លៃចាប់ពី ៦ទៅ១៥ដុល្លារ ក្នុងមួយគីឡូក្រាម។

ក្នុងទស្សនកិច្ចសិក្សាផ្ទាល់នៅសិប្បកម្មកែច្នៃផលិតផលជលផលឆ្លាកសញ្ញា យីហោ សំណាងសុធានាថ្មីៗនេះដែរ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថាក្នុងពេលនេះអ្វី ដែលជាបញ្ហាប្រឈមនៅក្នុងដំណើរការកែច្នៃផលិតផលជលផលរបស់កម្ពុជា គឺត្រីដែលយកមកកែច្នៃមិនទាន់មានគុណភាពល្អនៅឡើយដែលនេះជាបញ្ហាប្រឈមមួយកំពុងតែដោះស្រាយ។

មន្រ្តីអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះបានថ្លែងដែរថា សម្រាប់សម្រាប់សហគ្រាស និងសិប្បកម្ម ការដែលពួកគាត់ទទួលបាននូវប្រព័ន្ធផ្សេងៗ ដូចជានិមិត្តសញ្ញា គុណភាពផលិតផលជលផលកម្ពុជា ជាដើម យើងចាំបាច់ត្រូវការជំរុញបន្ថែមទៀត ដោយសារបច្ចុប្បន្ន ពលរដ្ឋកម្ពុជា នៅតែមានគំនិតអនុវត្តការធ្វើអាជីវិកម្មបែបប្រពៃណី ហើយទម្រាំប្រែក្លាយពីសិប្បកម្ម បែបប្រពៃណី មកជាសហគ្រាសស្តង់ដាបែបនេះ ចាំបាច់ណាស់ សហគ្រាសទាំងនោះ ត្រូវចំណាយទុន ហេតុនេះ សហគ្រាសដែលគ្មានទុន ទោះបីមានជំនួយឧបត្ថម្ភ ពីដៃគូ និងក្រសួងកសិកម្ម ក៏ដោយ ក៏មានបញ្ហាប្រឈម ផងដែរ ៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner