កម្ពុជាជំរុញឱ្យមានកិច្ចពិគ្រោះយោបល់ជាទៀងទាត់រវាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិក ECO
កម្ពុជាបានជំរុញឱ្យមានកិច្ចពិគ្រោះយោបល់ជាទៀងទាត់រវាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (Economic Cooperation Organization – ECO) នៅទីក្រុងហ្សាការតា ដើម្បីធានាការអនុវត្តបានពេញលេញនិងមានប្រសិទ្ធភាពនូវអាទិភាពគន្លឹះនានា និងស្វែងរកវិស័យសក្តានុពលសំខាន់ៗ ដែលជាយុទ្ធសាស្ត្រ និងមានរយៈពេលវែងចំពោះភាពជាដៃគូ។ ការជំរុញនេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច លើកទី១៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសនៃសម័យប្រជុំ លើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
តបតាមការអញ្ជើញរបស់ឯកឧត្ដម ជហ៊ុន បាយរ៉ាម៉ូវ (Jeyhun Bayramov) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងនាមអាស៊ែបៃហ្សង់ជាប្រធាន នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច (Economic Cooperation Organization – ECO) និងជាសហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា តំណាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច លើកទី១៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសនៃសម័យប្រជុំ លើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាព ក្នុងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់ គ្នារវាងលេខាធិការដ្ឋាននៃអង្គការទាំង២ និងផែនការការងារ ដែលបានចុះហត្ថលេខា និងអនុម័ត នៅឆ្នាំ២០០៦ ជាពិសេស ក្នុងវិស័យអាទិភាពទាំង៤ រួមមាន៖ ១) ពាណិជ្ជកម្ម និងវិនិយោគ ២) ការគ្រប់គ្រងគ្រឿងញៀន ៣) ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និង ៤)ទេសចរណ៍។
កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរស្តីពីការវិវឌ្ឍថ្មីៗ ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង ECO ក្នុងវិស័យទាំងឡាយ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការទាញយកអត្ថប្រយោជន៍រួមពីកិច្ចសហប្រតិបត្តិការអន្តរតំបន់ទាំង២ និងសហថាមពល តាមរយៈការសម្របសម្រួល លំហូរពាណិជ្ជកម្ម មូលធន និងធនធានមនុស្សក៏ដូចជា ការជំរុញនូវ អន្តរកម្មរវាងធុរកិច្ចនិងធុរកិច្ច (B2B) និងរវាងធុរកិច្ចនិងរដ្ឋាភិបាល (B2G)។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ឆ្នាំ២០២៤-២០២៨) ដើម្បីពង្រឹង និងពង្រីកវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយនឹងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងយន្តការសម្របសម្រួល និងកិច្ចពិគ្រោះយោបល់រវាងអង្គការ តំបន់ទាំង២ ជាទៀងទាត់ ជាពិសេសតាមរយៈលេខាធិការដ្ឋានទាំង២។
នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានគូសបញ្ជាក់ថា ការធានានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពរឹងមាំនិងធន់ គឺតម្រូវឱ្យអាស៊ាន និង ECO ស្វែងរកប្រភពកំណើនថ្មីៗ និងបានបង្ហាញថា សក្តានុពលចម្បងក្នុងកិច្ចសហប្រតិបត្តិការនិងការសហការនៃវិស័យគន្លឹះទាំងនោះ មានដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ ពាណិជ្ជកម្មអេឡិចត្រូនិច និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជាសាកល។ កម្ពុជាក៏បានជំរុញឱ្យមានកិច្ចពិគ្រោះយោបល់ជាទៀងទាត់ រវាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិក ECO នៅទីក្រុង ហ្សាកាតា ដើម្បីធានាការអនុវត្តបានពេញលេញនិងមានប្រសិទ្ធភាពនូវអាទិភាពគន្លឹះនានា និងស្វែងរកវិស័យសក្តានុពលសំខាន់ៗ ដែលជាយុទ្ធសាស្ត្រនិងមានរយៈពេលវែងចំពោះភាពជាដៃគូ៕