ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤កញ្ញា ក្នុងឱកាសអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួបទី៣០ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ញាចាក់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ដែលកំណត់នូវការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់ជាតិ។ រដ្ឋធម្មនុញ្ញជានិមិត្តរូបនៃ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជាការធានានូវការគោរពគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ប្រធាន ស.ស.យ.ក. រូបនេះ បានរំលឹកថា ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ តាមរយៈការស្វែងយល់ ការចូលរួមបំពេញករណីយកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងការមិនប្រព្រឹត្តអំពើល្មើសដែលមានចេតនាបំពានលើច្បាប់កំពូលមួយនេះជាដាច់ខាត ៕
ដោយ វណ្ណលុក