ក្រសួងធនធានទឹកដាស់តឿនការប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ (Video Inside)

https://youtu.be/74vFlerdbTQ

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ ក្នុងពេលដែលការព្យាករណ៍បានបង្ហាញថា ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ កម្ពុជានឹងរងឥទ្ធិពលសម្ពាធសកម្មមួយ។ វិសម្ពាធនេះ ធ្វើដំណើរមកពីសមុទ្រចិនខាងត្បូង និងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកទិសខាងលិច ស្របជួរភ្នំដងរែក។

យោងតាមការព្យាករណ៍រវាងពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដំណើរនៃសម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន។

ចំណែកនៅក្នុងតំបន់មាត់សមុទ្រនោះវិញ រវាងពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់។ ការព្យាករណ៍ដដែលបានបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋ និងប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ads banner