កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រីកការផ្សព្វផ្សាយពីច្បាប់ និងអនុក្រឹត្រស្ដីពីវិនិយោគឱ្យបានទូលំទូលាយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នសគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាគ្នា ជាមួយគណៈប្រតិភូហុងកុង ដើម្បីបង្ហាញពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដោយភាគីទាំងពីរ បានប្តេជ្ញារួមគ្នាថា នឹងពង្រីកការផ្សព្វផ្សាយពីច្បាប់ និងអនុក្រឹត្រស្ដីពីវិនិយោគកម្ពុជាឱ្យបានទូលំទូលាយផងដែរ។

ជំនួបនេះធ្វើឡើងរវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូហុងកុង ដែលដឹកនាំដោយលោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង(HKETO)ប្រចាំទីក្រុងបាងកកប្រទេសថៃ កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក នុត អ៊ុនវ័ណរ៉ា បានប្រាប់ទៅគណៈប្រតិភូហុងកុងថា រដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតខ្លាំងទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកថ្លែងថា ៖ «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និងសកម្មភាពវិនិយោគចំនួន ១៨ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ ដូចជា៖ ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់, ឧស្សាហកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក, វិស័យថាមពលបៃតង និងវិស័យឡូជិស្ទីកជាដើម ដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែម និងគុណភាព សំដៅអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យ កាន់តែរីកចម្រើនផងដែរ»។

លោកក៏បានលើកឡើងពីច្បាប់វិនិយោគនៃកម្ពុជា ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគ ដែលត្រូវបានអនុម័តនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ផងដែរ។

ទន្ទឹមគ្នានេះ លោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់វិនិយោគិនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិនិយោគិនហុងកុង។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោកបានសន្យាថានឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនេះដល់វិនិយោគិនហុងកុង ខណៈលោកក៏បានបង្ហាញពីបំណងក្នុងការសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជាផងដែរ។

លោកលើកឡើងថា ៖ «ហុងកុងនឹងសហការជាមួយកម្ពុជា តាមរយៈការរៀបចំសកម្មភាពមួយចំនួន ដូចជា សិក្ខាសាលាផ្សព្វផ្សា យនិងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្ម ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ហុងកុង ជាដើម»។

ជុំវិញរឿងនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងថា ក្រោយពីកម្ពុជាដាក់ឱ្យអនុវត្តច្បាប់វិនិយោគ ឃើញថា ទើបតែមានប្រសិទ្ធភាពតែ២ ឬ៣ខែ ចុងក្រោយនេះទេ ដោយត្រូវរងចាំអនុក្រឹត្យដើម្បីអនុវត្ត។

អ្នកឧកញ៉ាបានប្រាប់ថា ៖ «ដើម្បីអនុវត្តច្បាប់វិនិយោគឱ្យមានប្រសិទ្ធភាព គឺយើងត្រូវមានអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគ ហើយអនុក្រឹត្យនេះទើបតែអនុម័តប៉ុន្មានខែនេះទេ ចឹងយើងសង្ឃឹមថា នៅពេលដែលយើងមានអនុក្រឹត្យនេះហើយ រោងចក្រសហគ្រាសដែលផលិតផលិតផលរបស់ខ្មែរយើងអាចទិញវត្ថុធាតុដើមរបស់ខ្មែរ រួចការលើកលែងពន្ធ (VAT) សម្រាប់ការនាំចេញ នោះទើបជារឿងសំខាន់»។

សូមបញ្ជាក់ដែរថា បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាសន្ទនាកំពូលរវាងភាគីរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីស្តាប់ផ្ទាល់ និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនបាននិងកំពុងជួបប្រទះ។

អ្នកឧកញ៉ា លឹម ហេង បានរំពឹងទុកដែរថា តាមរយៈវេទិកានេះ មិនត្រឹមតែជួយដោះស្រាយទុក្ខកង្វល់របស់វិស័យឯកជនជាតិ និងអន្តរជាតិប៉ុណ្ណោះទេ វេទិការនេះ ក៏នឹងជួយផ្សព្វផ្សាយសក្តានុពលកម្ពុជាឱ្យមជ្ឈដ្ឋានអន្តរជាតិបានយល់ និងបានដឹង ចៀសវាងព័ត៌មានអាក្រក់ណាមួយ ដែលជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner