Hyundai និង Kia ប្រមូលរថយន្តមកវិញជាង ៣លានគ្រឿង នៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងហានីភ័យនៃការឆេះភ្លាមៗ
វ៉ាស៊ីនតោន៖ និយ័តករបានប្រកាសនៅថ្ងៃទី២៧ ខែកញ្ញានេះថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai និង Kia កំពុងប្រមូលរថយន្តត្រឡប់មកវិញចំនួន ៣.៣លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែហានិភ័យនៃការឆេះភ្លាមៗ។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់អាមេរិក (NHTSA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តដែលក្រុមហ៊ុន Hyundai និង Kia ប្រកាសប្រមូលមកជួសជុលឡើងវិញ ក្នុងនោះ ១.៦៤លានគ្រឿងជារបស់ក្រុមហ៊ុន Hyundai និង Genesis ដែលផលិតនៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ និង ១.៧៣លានគ្រឿងជារបស់ក្រុមហ៊ុន Kia ដែលផលិតនៅឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៧។
ទីភ្នាក់ងារ NHTSA បាននិយាយថា បញ្ហានៃរថយន្តទាំងនោះ កើតចេញពីកំហូចប្រព័ន្ធហ្វ្រាំង (ABS) ដែលអាចលេចធ្លាយប្រេងហ្វ្រាំងខាងក្នុង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ ទីភ្នាក់ងារ NHTSA បន្ថែមថា ក្រុមហ៊ុន Hyundai នឹងជូនដំណឹងដល់ម្ចាស់រថយន្ត ដើម្បីយករថយន្តរបស់ពួកគេទៅកាន់តំណាងចែកចាយដែលនៅជិតបំផុត ដើម្បីជំនួសហ្វ្រាំង fuse module ABS។ សូមបញ្ជាក់ថា ក្រុមហ៊ុន Hyundai បានកត់ត្រាពីអគ្គិភ័យឆាបឆេះរថយន្តចំនួន ២១គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាឧប្បត្តិហេតុទាក់ទិននឹងការឡើងកម្ដៅរថយន្តចំនួន ២២ករណី។
រីឯក្រុមហ៊ុន Kia បានកត់ត្រាការឆេះផ្នែកម៉ាស៊ីនចំនួន ៣ករណី និង ៦ករណីទៀតទាក់ទិននឹងសមាសធាតុរលាយ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងទាំងពីរនៅពុំទាន់ទទួលបានរបាយការណ៍ពីគ្រោះថ្នាក់ ឬអ្នកបើកបររងរបួស និងស្លាប់ ដែលពាក់ព័ន្ធនឹងបញ្ហាកំហូចនេះនៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា