ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំក្រុមការងារ ចូលបំភ្លឺដល់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងអធិការកិច្ច
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំក្រុមការងារ ចូលបំភ្លឺដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងអធិការកិច្ច នៅចំពោះមុខក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តំណាងអោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការរដ្ឋធម្មនុញ្ញ។
ក្នុងពេលចូលបំភ្លឺជូនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ការអនុវត្តការងាររបស់ក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានលក្ខណៈប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនជាន់ការងារគ្នានោះទេ ដោយក្រសួងអនុវត្តការងារបែបត្រជាក់ ហើយ ACU អនុវត្តការងារបែបក្តៅ ។
ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ACU ជាអង្គភាពមួយចំណុះរាជរដ្ឋាភិបាល ដូចគ្នាទៅនឹងក្រសួងអធិការកិច្ច មានគោលដៅក៏ដូចគ្នា ហើយសមត្ថកិច្ចរបស់ក្រសួងអធិការកិច្ច មានដូចជាការរៀបចំផែនការ ត្រួតពិនិត្យ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ចំណែក ACU ខុសគ្នាជាមួយក្រសួងអធិការកិច្ច ត្រង់ចំណុចការអនុវត្ត ការងារមិនមានរៀបចំផែនការទុកមុន ។
ឯកឧត្តមបន្តថា ពាក់ព័ន្ធច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច នេះ គឺឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ស៊ីជម្រៅទូលំទូលាយ ឱ្យមានភាពស៊ីចង្វាក់គា្ន ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។
ឯកឧត្តម ហួត ហាក់ បន្ថែមថា ជាគោលដៅ ដើម្បីមានភាពស្អាតស្អំនៅក្នុងសង្គម លើកកម្ពស់អភិបាលកិច្ចល្អ ប៉ុន្តែមិនចង់ធ្វើឲ្យមានការរំខាន សម្រាប់បុគ្គល ឬស្ថាប័ន ដូចនេះ តាមពីរាជរដ្ឋាភិបាលអាណត្តិមុន បន្តមកអាណត្តិនេះ ក្រសួងកំពុងសិក្សារៀបចំផែនការរួម បង្កើតជាប្រតិទិនមួយ ដើម្បីអនុវត្តកាងារមិនមានភាពជាន់គ្នា ។ ដោយ ហេង សម្បត្តិ